ភ្នំពេញ៖ការដ្ឋានសាងសង់អគារសិក្សា២ខ្នងមានចំនួន១៥បន្ទប់នៅសាលាបឋមសិក្សាព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ដែលជាអំណោយ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស – ក្រុមហ៊ុនមេ ជីបម៉ុងបានរៀបចំធ្វើពិធីក្រុងពាលីនាព្រឹកថ្ងៃទី ១៤ មិនា ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ,អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវអ្នកឧកញ៉ា ភាព ហៀក និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីរាជការជាច្រើនរូប។
ពិធីក្រុងពាលីតាមបែបសាសនានេះ ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យក្នុងការបើកការដា្ឋនសាងសង់សាលាបឋមសិក្សាព្រៃស។
ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចំរើន គេតែងប្រារព្វពិធីនេះឡើង មិនដែលខនខានឡើយ។
សាលាបឋមសិក្សាព្រៃស មានផ្ទៃដីជិត១ហិចតានិងមានទីតាំងស្ថិតពីក្រោយវត្តធម្មត្រ័យ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយអគារសិក្សាមានចំនួនតិច ចាស់ទ្រុឌទ្រោមនិងចំនួនសិស្សានុសិស្សចេះតែកើនឡើងជាលំដាប់ ទើបរដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឱ្យវិស័យឯកជនជួយ ហើយត្រូវបានក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស – ក្រុមហ៊ុនមេ ជីបម៉ុង ជួយសាងសង់ និងបានសម្រេចឱ្យមានពិធីក្រុងពាលីបើកការដ្ឋានសាងសង់នាពេលនេះ។
គួរបញ្ជាក់ថា៖អគារសិក្សាដែលត្រូវសាងសង់ថ្មីចំនួន២ខ្នងនៅសាលាបឋមសិក្សាព្រៃសនេះត្រូវសាងសង់ឡើងជា២ដំណាក់កាល ដោយដំណាក់កាលទី១ សាងសង់អគារ១ខ្នងកំពស់១ជាន់ស្មើនិង៥បន្ទប់ ប្រើប្រាស់រយៈពេល៦ខែ។ក្រោយបញ្ចាប់ការសាងសង់ដំណាក់កាលទី១ គឺឱ្យសិស្សានុសិស្ស ចូលមករៀនអគារថ្មីនេះ ហើយបន្ទាប់មកក្រុមហ៊ុននឹងធ្វើការរុះរើអគារចាស់ចោល រួចបន្តសាងសង់អគារថ្មីមួយអគារទៀត(លើទីតាំងអគារចាស់)ដោយសាងសង់អគារថ្មី១ខ្នងទៀតមានកំពស់២ជាន់ស្មើនិង១០បន្ទប់ ដោយប្រើរយៈពេលសាងសង់ចំនួន៨ខែ។
ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ ក្នុងនាមររដ្ឋបាលរាជធានីនិងក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស – ក្រុមហ៊ុនមេ ជីបម៉ុង ដែលបានជួយសាងសង់អគារសិក្សាដ៏ប្រណិតខាងលើនេះ។នេះជាការចូលរួមចំណែកដ៏សំខាន់បំផុតលើវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិយើង៕រក្សាសិទ្ធដោយ៖សុទ្ធលី
















