ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសបន្តស្វាគមន៍ និងលើកទឹកចិត្តដល់វិស័យឯកជនឲ្យបន្តចូលរួមក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីពូនជ្រុំកម្លាំងចូលរួមអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់បន្ថែមថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយទាំងក្នុងវិស័យឯកជន និងសាធារណៈ សំដៅធានានូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ក្នុងការប្រកបធុរកិច្ច និងផ្តល់សេវាសាធារណៈ ក្នុងគោលដៅលើកស្ទួយបរិយាកាសវិនិយោគអំណោយផលដល់ការប្រកួតប្រជែងដោយស្មើភាព និងការរីកចម្រើនប្រកបដោយចីរភាពនៅកម្ពុជា។
ក្នុងឆន្ទៈចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ បានពង្រីកកាន់តែក្លៀវក្លាក្នុងវិស័យឯកជន និងលាតសន្ធឹងក្នុងវិស័យសំខាន់ពីរបន្ថែមទៀត គឺវិស័យដឹកជញ្ជូន និងវិស័យសេវាប្រឹក្សាយោបល់ពាណិជ្ជកម្ម ដោយនៅរសៀលថ្ងៃទី១៥ខែមករាឆ្នាំ២០១៨ ក្រុមហ៊ុនធំ២នៅអាស៊ីអាគ្នេយ៍ដែលទើបបាន និងកំពុងមានវត្តមានប្រកបអាជីវកម្មនៅកម្ពុជា គឺក្រុមហ៊ុនប្គ្រេបខេមបូឌា ផ្តល់សេវាតាក់ស៊ី និងក្រុមហ៊ុនថាយលីគីនិងហ្គីបប៊ីន ខេមបូឌា ផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ។
លោកបានបន្តថា ជាមួយនឹងការចុះអនុស្សរណៈនៃការយោគយល់គ្នា អង្គភាពប្រឆាំងអំពើពុករលួយសង្ឃឹមថា នៅពេលខាងមុខនេះនឹងបង្កើតទៅជាក្លឹបអនុស្សរណៈនៃការយោគយល់គ្នា អាចនឹងធ្វើឲ្យមានសន្ទុះនៃការប្រឆាំងអំពើពុករលួយ កាន់តែក្លាំងក្លាថែមមួយកម្រិតទៀត។ អង្គភាពប្រឆាំងអំពើពុករលួយ នឹងសហការជាមួយនឹងក្រុមហ៊ុន សមាគម ដើម្បីធ្វើការដោះដូរព័ត៌មានគ្នាទៅវិញទៅមក និងផលវិបាកដែលក្រុមហ៊ុនដែលជួបការលំបាក ហើយនឹងធ្វើការជាមួយគ្នាដើម្បីដោះស្រាយទៅតាមកម្រិតនៃការសហការ។
បើតាមលោកអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ញត្តិគោលសំខាន់នៃខ្លឹមសារមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា គឺភាគីក្រុមហ៊ុន ប្តេជ្ញាធ្វើជាស្ថាប័នស្អាតស្អំ កសាងនូវវប្បធម៌តម្លាភាព គោរពច្បាប់កម្ពុជា បដិសេធរាល់អំពើពុករលួយ អប់រំមិនឲ្យមានការសូកប៉ាន់នៅពេលទំនាក់ទំនងជាមួយនឹងមន្ត្រីរាជការ អ្នកផ្គត់ផ្គង់ អតិថិជន អង្គភាព ឬបុគ្គលដទៃ និងចាត់វិធានការប្រុងប្រយ័ត្នជាមុននានា ផ្តល់ព័ត៌មានដល់អង្គភាពប្រឆាំងអំពើពុករលួយ ដែលខ្លួនមាន ហើយភាគីអង្គភាពប្រឆាំងអំពើពុករលួយ សន្យាការពារសុចរិតភាព និងគាំទ្រយ៉ាងពេញទំហឹងនូវការប្តេជ្ញារបស់ភាគីនៃអនុស្សរណៈនៃការយោគយល់គ្នា ដោយរក្សាឲ្យបានដាច់ខាតនូវការសម្ងាត់ពីប្រភព ព័ត៌មាន និងភស្តុតាងពាក់ព័ន្ធ នឹងអំពើពុករលួយដែលផ្តល់ជូនហើយនិងបើកការស៊ើបអង្កេត។
លោកឃាង សេង បានបញ្ជាក់ថា រហូតមកមកដល់ពេលនេះ ធ្វើឲ្យចំនួនការចុះអនុស្សរណៈនៃការយោគយល់គ្នានៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុននានាដែលកំពុងវិនិយោគនៅកម្ពុជា ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ កើនដល់៨៨ និងមានវិសាលភាពគ្រប់ដណ្តប់លើជាង៥០០ក្រុមហ៊ុនជាតិអន្តរជាតិ សភាពាណិជ្ជកម្ម សមាគម និងគ្រឹះស្ថានសាធារណៈ។
លោកក៏បានជំរុញឲ្យគ្រឹះស្ថានឯកជនទាំងអស់ បណ្តុះបណ្តាលបុគ្គលិករបស់ខ្លួន ឲ្យមានក្រមសីលធម៌ យល់ដឹងពីច្បាប់ប្រឆាំងអំពើពុករលួយ និងចូលរួមទប់ស្កាត់មន្ត្រីដែលមកទារលាភសក្ការៈដែលមិនស្រប នឹងច្បាប់គ្រប់រូបភាព ។
លោក ឃាង សេង បានថ្លែងថា បច្ចុប្បន្ននេះ ឆន្ទៈរបស់ក្រុមហ៊ុនឯកជនមួយចំនួនធំ បានគោរពយ៉ាងល្អរាល់ច្បាប់ប្រឆាំងអំពើពុករលួយ។ ប្រសិនបើគ្រប់គ្រឹះស្ថានសាធារណៈ រដ្ឋ ទាំងអស់នាំគ្នា គោរពបានត្រឹមត្រូវតាមច្បាប់ វាផ្តល់សារប្រយោជន៍យ៉ាងខ្លាំង ដើម្បីទាក់ទាញអ្នកវិនិយោគិនបរទេសបណ្តាក់ទុននៅកម្ពុជា។ មិនតែប៉ុណ្ណោះធ្វើឲ្យអ្នកវិនិយោគិនទាំងនោះមើលឃើញថាកម្ពុជាមិនមែនជាប្រទេស ដែលខ្មៅកខ្វក់ ទៅលើអំពើពុករលួយ។ ការដាក់ទុនការវិនិយោគ មកកម្ពុជាជារឿងមួយ ដែលសមស្របសម្រាប់ពិភពលោក និងវិនិយោគិនធំៗ និងរកស៊ីនៅកម្ពុជា ក្នុងក្របខ័ណ្ឌជាការរកប្រាក់ចំណេញរៀងៗ ខ្លួនរបស់គាត់ដោយគោរពច្បាប់ទាំងអស់គ្នា៕ ដោយ៖កូឡាប