លោក សុខ ចិន្តាសោភា បានស្នើសុំវិស័យឯកជន មេត្តាចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនេះ និងកុំមានការអល់អែកក្នុងការទាក់ទង មន្រ្តីច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងករណីមានចម្ងល់ណាមួយអំពីការអនុវត្តប្រព័ន្ធនេះ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំសិក្ខាសាលា ស្តីពីនីតិវិធីស្នើសុំនាំចូលទំនិញបម្រើឱ្យការអនុវត្ត គម្រោងវិនិយោគតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នៃប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងសមាគមធុរកិច្ចមួយចំនួន និងអ្នកវិនិយោគក្នុងស្រុក និងបរទេសសរុបចំនួនប្រមាណ២០០នាក់។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំរៀបចំដាក់ឲ្យដំណើរការប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីសម្រួលដល់លំហូរនៃទំនិញ ។ លោកបានបន្ថែមទៀតថា ការដាក់ឲ្យដំំណើរការស្នើសុំនាំចូលទំនិញ បម្រើឲ្យការអនុវត្តគម្រោងវិនិយោគតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នៃប្រព័ន្ធបញ្ជរតែមួយជាតិ ជាផ្នែកមួយនៃការដាក់ឲ្យដំណើរការប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ ដែលមានក្រសួង ស្ថាប័នចំនួន៦ចូលរួមអនុវត្ត។
លោកសង្ឃឹមថា”ប្រព័ន្ធនេះ នឹងនាំមកនូវគុណប្រយោជន៍ជាច្រើន ដល់អ្នកវិនិយោគតាមរយៈការកាត់បន្ថយពេលវេលា និងចំណាយមិនចាំបាច់នានា ក៏ដូចជាគុណប្រយោជន៍ដល់ក្រសួងស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងការគ្រប់គ្រងទិន្នន័យ”៕ដោយ៖កូឡាប