ខេត្តកំពង់ធំ៖ប្រជាសហគមន៍តំបន់ការពារធម្មជាតិចំនួន២ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ កំពុងផ្លាស់ប្តូរឥរិយាបទបណ្តើរៗពីការពឹងពាក់បន្លែព្រៃមកអាស្រ័យ និងស្វែងរកចំណូលពីការដាំបន្លៃតាមគ្រួសារ។ ប្រជាពលរដ្ឋទាំងពីរសហគមន៍នោះគឺ សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ឃុំងន និងសហគមន៍តំបន់ការពារធម្មជាតិស្ករក្រូច ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំដែលកំពុងអាស្រ័យផលលើដំណាំបន្លែត្រកួន ឆៃថាវ ស្លឹកខ្ទឹម និងននោងជាដើមដែលជាការផ្តល់ពូជ និងការបណ្តុះបណ្តាលពីគម្រោងបន្សាំនិងការប្រែប្រួលអាកាសធាតុពីគម្រោងរបស់ក្រសួងបរិស្ថាន។
មានមូលហេតុសំខាន់មួយដែលធ្វើឱ្យប្រជាសហគមន៍ ផ្លាស់ប្តូរឥរិយាបទគឺការបណ្តុះបណ្តាល អប់រំ និងយកចិត្តទុកដាក់ដែលក្រសួងបរិស្ថានបានដាក់ចេញដើម្បីពង្រឹងជីវភាពនៅតាមសហគមន៍ បន្ថែមនឹងភាពលំបាកកាន់តែខ្លាំងលើការស្វែងរកបន្លែព្រៃរបស់ប្រជាពលរដ្ឋ។
លោកគឹម សារិន អនុប្រធាននាយកដ្ឋាននៃក្រសួងបរិស្ថាន និងជាអ្នកអនុវត្តគម្រោងបន្សាំនិងការប្រែប្រួលអាកាសធាតុ បានសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនក្នុងតំបន់កំពុងកែប្រែឥរិយាបទលើការពឹងពាក់លើបន្លែព្រឈើកាន់តែច្រើនឡើងៗ ដែលជាលទ្ធផលគួរជាទីមោទនៈ។
តាមរយៈការដាំបន្លែបង្កាតាមផ្ទះនេះ ប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិទាំងពីរ កំពុងតែបានកាត់បន្ថយការចំណាយចំពោះតម្លៃអាហារប្រចាំថ្ងៃ បន្ថែមចំណូលសម្រាប់គ្រួសារនីមួយៗដែលកំពុងបង្កើនការដាំដុះ ហើយជាពិសេសគឺបន្លែតាមគេហដ្ឋាននេះ បានជួយបំពេញអាហាររូបបត្ថមតាមគ្រួសារនីមួយៗផងដែរ។
លោក គឹម សារិន បានបញ្ជាក់ថា ការដាំបន្លែនេះមិនមែនកិច្ចការងារចម្បងរបស់ក្រុមគ្រួសារនីមួយៗឡើយ ប៉ុន្តែវាជាការងារបន្ថែមរបស់ពលរដ្ឋដើម្បីធានាអាហាររូបត្ថមប្រចាំគ្រួសារ ការកាត់បន្ថយចំណាយថ្លៃអាហារ និងការបង្កើនចំណូលដែលគ្រួសារខ្លះទទួលបានប្រាក់សម្រាប់បន្ថែមលើជីវភាពប្រចាំថ្ងៃផងដែរ៕ ដោយ៖បញ្ញាស័ក្តិ