ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីអប់រំសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ នៅក្នុងសាលាបឋមសិក្សាភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ បានជូនក្មួយៗសិស្សានុសិស្ស ជាង៤០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ប៊ិច មី ថ្នាំដុះធ្មេញ និងបានឧបត្ថម្ភបង្គន់អនាម័យ ចំនួនប្រាំបន្ទប់ និងកន្លែងលាងសម្អាតដៃមួយកន្លែង ជូនដល់សាលាបឋមសិក្សាភូមិធំ ដើម្បីទុកឱ្យក្មួយៗសិស្សានុសិស្សប្រើប្រាស់ក្នុងសាលា។
នាឱកាសនោះ លោក ឃួង ស្រេង ក៏បានផ្តល់ការអប់រំឱ្យកុមារទាំងអស់ ត្រូវចេះថែទាំសុខភាពរបស់ខ្លួន ឱ្យបានល្អ មិនត្រូវបរិភោគអាហារសម្រន់ និងភេសជ្ជៈដែលមានសារជាតិផ្អែមខ្លាំងពេកនោះទេ វានាំឱ្យប៉ះពាល់ដល់សុខភាព ត្រូវលាងដៃនឹងសាប៊ូឱ្យញឹកញាប់ មុនបរិភោគចំណីអាហារ ត្រូវងូតទឹកដុះសំអាតខ្លួនប្រាណឱ្យបានជាប្រចាំ ត្រូវដុះធ្មេញឱ្យបានមួយថ្ងៃ២ដង ដោយប្រើថ្នាំដុះធ្មេញដែលមានសារជាតិហ្វូអីរ៉ាយ ហើយត្រូវជួបជាមួយគ្រូពេទ្យ (ទន្តពេទ្យ) ជាប្រចាំដើម្បីពិនិត្យនិងថែទាំមាត់ធ្មេញឱ្យបានល្អ ជាពិសេស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់បង្គាប់ឪពុកម្តាយនិងលោកគ្រូអ្នកគ្រូ។
បន្ទាប់ពីចប់កម្មវិធីអប់រំសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញ លោកអភិបាលបានអញ្ជើញចុះពិនិត្យការងារមួយចំនួន ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដូចជាស្ថាបនាផ្លូវបេតុង ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ដោយ៖កូឡាប