ពេលនេះម្ចាស់ក្រុមហ៊ុនដែលមានឈ្មោះថា One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍ថៃ បានចេញមកសុំទោសហើយ ក្រោយពីមានប្រតិកម្មពីសំណាក់ប្រជាជនខ្មែរ ពិសេសអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក ជុំវិញករណីផលិតករថៃ យករូបព្រះឆាយលក្ខ័ណ៍ របស់សម្តេចរាជបុត្រី ព្រះរាម បុប្ផាទេវី ទៅប្រើប្រាស់ក្នុងភាពយន្តភាគរបស់ខ្លួនដោយពុំមានការអនុញ្ញាត ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Mengly Thy ឆ្លើយតបតាមរយៈខមិនទៅកាន់ផេក «វប្បធម៌ខ្មែរ Khmer culture» យ៉ាងដូច្នេះថា៖
«ក្នុងនាមនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ខ្ញុំបាទមានកិត្តិយសសូមជម្រាបជូនដល់ សាធារណជនទាំងអស់បានជ្រាបថា ក្រោយពីមានប្រតិកម្មជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងភាពយន្តភាគទូរទស្សន៍ថៃ ចំណងជើង រឿង“អសិរពិស” ដែលបានប្រើប្រាស់រូបព្រះឆាយាល័ក្ខណ៍របស់សម្តេចរាជបុត្រី ព្រះរៀមបុប្ផាទេវី ដោយពុំមានរាជានុញ្ញាត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការយ៉ាងជិតស្និតជាមួយស្ថានទូតព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជាដើម្បីស្វែងរកការស្រាយបំភ្លឺនានាជុំវិញបញ្ហានេះ។
ករណីនេះ ក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍ខាងលើ បានផ្ញើលិខិតមួយច្បាប់មកលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដើម្បីពន្យល់ និងស្នើសុំអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនានេះ ។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងផ្ញើលិខិតមួយច្បាប់ថ្វាយសម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីបញ្ជាក់ការទទួលស្គាល់ចំពោះកំហុសឆ្គងដោយអចេតនានេះ និងស្នើសុំការព្រះរាជទានទោស ពីសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងប្រជាពលរដ្ឋកម្ពុុជាទូទៅផងដែរ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាប ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណជាថ្មីម្តងទៀត ជូនចំពោះសាធារណជន ពិសេសយុវជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងរួមចំណែកថែរក្សាការពារសិល្បៈ វប្បធម៌ជាតិយើង។
ដោយក្តីគោរពអំពីខ្ញុំ !» ៕
ដោយ៖ លឹម ហុង