ភ្នំពេញ៖ក្នុងរយៈពេលចុងក្រោយនេះបណ្ដាញសារព័ត៌មានក៏ដូចជាហ្វេសប៊ុកសរសេរព័ត៌មានកាឡៃបំភ្លៃបំពុលសាធារណជនថានៅកម្ពុជាមានជនបរទេសនិងខ្មែរ សន្លប់ឬស្លាប់ដោយសារតែវីរុសកូរ៉ូណា នៅតាមទីសាធារណៈ។ ឆ្លើយតបនឹងព័ត៌មាននេះនៅថ្ងៃទី ១ ខែមីនានេះ ក្រសួងព័ត៌មានបានចេញសេចក្តី ប្រកាសបន្ទាន់មួយ បានស្នេីឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការលើគណនី Facebook ចំនួន៧ ដែលធ្វើសកម្មភាពផ្សព្វផ្សាយបំភ្លៃ បំផុសបំផុលនិងបំភ័យឱ្យមានការយល់យល់ច្រឡំលើជំងឺ COVID19 នៅកម្ពុជា។
គណនី Facebook ទាំង៧ ដែលស្នើឱ្យចាត់វិធានការនេះរួមមាន៖ Sdam Husen, Sovannara Som, កូននាគ អហិង្សា ស្វ.រ, សំលេងពលករចង់បានការផ្លាស់ប្តូរ, សឹម សុភា Soem Sophea, Ah Song Ha និង រិទ្ធីវង្ស ឡុង។
ក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា គណនី Facebook ទាំងនេះ បានផ្សព្វផ្សាយព័ត៌មានមិនពិត ដោយមិនបានផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។
តាមសេចក្តីប្រកាសនេះ ក្រសួង បានស្នើដល់សាធារណជនកុំមានការភាន់ច្រឡំ និងបញ្ឈប់ការចែករំលែកបន្តរាល់ព័ត៌មានមិនពិតទាំងនេះ ព្រោះអាចប្រឈមចំពោះមុខច្បាប់។
នៅថ្ងៃទី១ខែមីនា អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចេញសេចក្តីបកស្រាយបំភ្លឺថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ម៉ោង ៧និង០៥នាទី នៅក្នុងវត្តសារាវ័ន្តតេជោ ផ្លូវ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានជនបរទេសម្នាក់ស្រវឹង មកដេកនៅលើកម្រាលឥដ្ឋនៅក្នុងវត្តសារាវ័ន្ត ដោយឃើញហេតុការណ៍នេះ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។ ភ្លាមៗនោះ នគរបាលមូលដ្ឋានបានចុះទៅដល់បានហៅរថយន្តសង្គ្រោះ និងដាស់ជនបរទេសនោះឲ្យភ្ញាក់។ នៅពេលជនបរទេសនោះភ្ញាក់ក្រោកឡើងស្វាងស្រា ក៏ដើរចេញបាត់ទៅ (មិនបានឆ្លើយតបសមត្ថកិច្ចវិញទេ)។
អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា “តែមានជនខិលខូចអគតិមួយចំនួន បែរជាបំប៉ោងព័ត៌មាន តាមបណ្តាញសង្គមហ្វេសប៊ុកថាជនបរទេសដេកសន្លប់ដោយកើតជំងឺកូរ៉ូណាទៅវិញៗ។
សូមរំលឹកថា កន្លងទៅក្រសួងព័ត៌មានធ្លាប់បានធ្វើការជាមួយក្រុមហ៊ុន Facebook បិទគណនី Facebook មួយផងដែរ ចំពោះការផ្សាយព័ត៌មានមិនពិតលើករណីជំងឺ COVID19នេះ។
ចំណែកនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនៅថ្ងៃនេះដែរក៏បានចេញសេចក្តី ប្រកាសព័ត៌មានថា
ជំងឺឆ្លងទាំងអស់ក្នុងនោះមានទាំងជំងឺ COVID-19 មិនអាចដួលសន្លប់ឬស្លាប់ភ្លាមៗទាន់ហន់បានទេ គឺត្រូវការពេលវេលាច្រើនថ្ងៃដើម្បីវិវឌ្ឍជំងឺដូចជា ចាប់ផ្តើមក្តៅខ្លួន អស់កំលាំង ក្អកស្ងួត ហៀរសំបោរ និងករណីធ្ងន់ធ្ងរអាចវិវត្តន៍ទៅហត់ស្រាលនិងវិវត្តន៍សន្សឹមៗទៅហត់មធ្យមនិងបន្ទាប់មកហត់ខ្លាំងហើយត្រូវការពេលវេលាច្រើនថ្ងៃ ។
ជំងឺដែលដួលសន្លប់ឬអាចស្លាប់ទាន់ហន់ភ្លាមៗ ច្រើនតែជំងឺមិនឆ្លងនិងស្រវឹងស្រាដូចជា ជំងឺគាំងបេះដូង ជំងឺដាច់សសៃឈាមខួរក្បាល ជំងឺខ្វះអុកស៊ីសែនខួរក្បាលរយ:ពេលខ្លី(ហៅខ្យល់គរ) ឈរក្រោមកំដៅថ្ងៃក្តៅធ្វើឱ្យខ្សោះជាតិទឹកធ្ងន់ធ្ងន់ ផឹកស្រាស្រវឹងធ្ងន់ធ្ងរ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គណនី Facebook ខាងលើនេះ បានធ្វើសកម្មភាពផ្សព្វផ្សាយបំភ្លៃយ៉ាងផុលផុស ដោយទាញភ្ជាប់ករណីផ្សេងៗកើតមាននៅក្នុងប្រទេសកម្ពុជាថា ជាជំងឺ COVID19 បង្កឱ្យមានការភាន់ច្រឡំជាច្រើនពីអ្នកលេងបណ្តាញសង្គម Facebook។
ក្រសួងសុខាភិបាល បានបញ្ជាក់ហើយថា មកដល់ពេលនេះនៅកម្ពុជាមិនមានករណីជំងឺ COVID19 នោះទេ៕ដោយ៖កូឡាប