ព្រះសីហនុ៖ នៅថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២០លោកយិត បុណ្ណា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ដោយមានការចូលរួមពីលោក គង់ សារាជ ប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា អញ្ជើញចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ដំណើរបេសកកម្មនេះ ធ្វើឡើងដើម្បីពិនិត្យសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ ក៏ដូចជាស្វែងយល់ និងរកដំណោះស្រាយ នូវរាល់បញ្ហានានាដែលជួបប្រទះខណៈពេលកំពុងសាងសង់ដែរ។
លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធបានសហការគ្នា យ៉ាងរឹងមាំក្នុងការពន្លឿនការសាងសង់នេះ ជាក់ស្ដែងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសិក្សា និងដោះស្រាយផលប៉ះពាល់បាន ៧០% និងគ្រោងបញ្ចប់ការដោះស្រាយផលប៉ះពាល់នេះនៅខែឧសភា ឆ្នាំ២០២០ខាងមុខនេះ។
ឆ្លើយតបទៅនឹងក្រុមអ្នកសារព័ត៌មាននាពេលនោះ លោក គង់ សារាជ ប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង នូវស្ថានភាពសាងសង់ គុណភាពផ្លូវ និងវឌ្ឍនភាពដែលទទួលបាននាពេលនេះ។
លោកប្រធានគណៈកម្មការទី៩ បានបន្តថា ផ្លូវល្បឿនលឿន និងកំពង់ផែសមុទ្រទឹកជ្រៅដែលអាចឱ្យនាវាធំៗចូលចតបាន និងដឹកជញ្ជូន ត្រង់ទៅបណ្ដា ប្រទេសនានា នឹងជំរុញឱ្យក្រុងមួយនេះក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់បំផុត របស់ប្រទេសយើង។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់នៅខែកក្កដា ឆ្នាំ២០១៩ ហើយមកដល់បច្ចុប្បន្ននេះ ផ្លូវនេះសម្រេចបាន២០% ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុន គម្រោងកំណត់ (ខែកញ្ញា ឆ្នាំ២០២២) ដោយសារក្រុមហ៊ុនមានកម្លាំង និងសម្ភារគ្រប់គ្រាន់ និងរាជរដ្ឋាភិបាលបានដោះស្រាយផលប៉ះពាល់ឆាប់រហ័សជាងការរំពឹងទុក៕ ដោយ៖កូឡាប