សៀមរាប៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារពិសេសមួយក្រុម របស់ក្រសួងទេសចរណ៍ ចូលរួមឧទ្ទេសនាមផ្សព្វផ្សាយពីវិធានការរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួងទេសចរណ៍ផ្ទាល់ ជុំវិញការលើកកម្ពស់វិស័យទេសចរណ៍ជាតិ ក្នុងដំណាក់កាលកើតមានវិបត្តិជំងឺ Covid-19 ជូនដល់អ្នកពាក់ព័ន្ធដែលមានវត្តមានក្នុងសន្និបាត បូកសរុបការងាររបស់រដ្ឋបាលខេត្តសៀមរាប នៅសណ្ឋាគារសុខាអង្គរ។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា មកដល់ពេលនេះ កម្ពុជាមិនទាន់មានករណីឆ្លងជំងឺ Covid-19 នៅឡើយទេ ក្រៅពីកើតឡើងលើជនជាតិចិនតែម្នាក់គត់ ខណៈរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
លោកបានថ្លែងថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី គ្មានការព្រួយបារម្ភចំពោះបញ្ហាឆ្លងជំងឺ Covid-19 នោះឡើយ ខណៈប្រទេសជាច្រើនលើពិភពលោកនេះកំពុងជួបបញ្ហាប្រឈមជុំវិញវិបត្តិជំងឺ Covid-19 នេះ។ ប៉ុន្តែទោះជាយ៉ាងណា កម្ពុជាក៏តែមានការប្រុងប្រយ័ត្នយ៉ាងយកចិត្តទុកដាក់ចំពោះជំងឺនេះផងដែរ។
លោករដ្ឋមន្ត្រីបានលើកបង្ហាញពីវិធានការទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល និងវិធានការសំខាន់ៗដែលក្រសួងទេសចរណ៍បានដាក់ចេញសម្រាប់អនុវត្តនៅខេត្តសៀមរាប ក្នុងនោះក្រសួងទេសចរណ៍បានបង្កើតក្រុមការងារពិសេសមួយក្រុម ដើម្បីចុះអនុវត្តវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងទេសចរណ៍ផ្ទាល់។
លោកបានលើកទឹកចិត្តថា ប្រជាពលរដ្ឋខ្មែរ បើស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី។ ធ្វើយ៉ាងដូចម្ដេចទើបបានស្គាល់ទឹកដី? គឺស្គាល់តាមរយៈការដើរទេសចរណ៍នេះឯង។ ដូច្នេះប្រជាពលរដ្ឋត្រូវតែដើរចេញទេសចរណ៍ កម្សាន្តនៅតាមរមណីយដ្ឋានក្នុងប្រទេសឱ្យបានច្រើនសិន ចាំចេញដើរកម្សាន្តនៅក្រៅប្រទេស ព្រោះក្នុងដំណាក់កាលនេះ នៅក្រៅប្រទេសក៏មិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងជំងឺ Covid-19 នៅឡើយទេ ហេតុនេះការដើរទស្សនាកម្សាន្តនៅក្នុងប្រទេស គឺពិតជាសក្តិសមល្អបំផុត ខណៈដែលកម្ពុជាក៏កំពុងមានសុខសន្តិភាព សុវត្ថិភាព និងមានផ្លូវធ្វើដំណើរទៅកាន់ រមណីយដ្ឋានទេសចរណ៍នានានោះក៏ងាយស្រួលជាងមុន។
លោកបានលើកឡើងទៀតថា បុគ្គលិក និយោជិត និង មគ្គុទ្ទេសក៍ទេសចរណ៍ ដែលត្រូវបានកាត់បន្ថយ ឬផ្អាកការងារ ក្នុង ដំណាក់កាលលំបាកនេះ អាចមកមកទទួលការបណ្ដុះបណ្ដាលជំនាញល្អៗ ជាមួយក្រុមការងាររបស់ក្រសួងទេសចរណ៍ ដែលជាការអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងទេសចរណ៍ ដើម្បីឱ្យបុគ្គលិកនិយោជិតកាន់តែមានសមត្ថភាពល្អប្រសើរជាងមុន លុះដល់ពេលភ្ញៀវទេសចរកើនឡើងវិញ ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ខ្លួននឹងបានរៀបរយទាន់ពេលចំពោះការទទួលស្វាគមន៍ និងបម្រើសេវាកម្មជូនភ្ញៀវទេសចរ។
លោកដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅតែទទូចដល់អ្នកពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមអនុវត្តវិធានការនានាជាមួយរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកសេវាកម្មទេសចរណ៍ បង្កើនផលិតផលទេសចរណ៍ថ្មីៗ ពង្រីកគោលដៅទេសចរណ៍ក្នុងប្រទេស ជំរុញចលនាទេសចរក្នុងស្រុក ពិសេសដើម្បីលើកកម្ពស់វិស័យទេសចរណ៍ជាតិឱ្យបន្តមានការអភិវឌ្ឍ ហើយសូមកុំមានការព្រួយភ័យចំពោះបញ្ហាវិបត្តិជំងឺ Covid-19។ លោកថា មានតែការសាមគ្គីគ្នាទប់ទល់ប្រយុទ្ធប្រឆាំងដោះស្រាយបញ្ហានេះទេ ទើបកម្ពុជាអាចបន្តទៅមុខ វិស័យទេសចរណ៍ជាតិអាចបន្តការរីកចម្រើនទៅមុខ៕ដោយ៖កូឡាប