តាកែវ៖ បុរស២នាក់ ត្រូវជាបងប្អូនបង្កើត បានឌុបគ្នាទៅកាប់ ២នាក់ប្ដី និងប្រពន្ធ ដែលកំពុងដេកលេងក្រោមផ្ទះ កណ្ដាលរាត្រីទៅហើយ ដោយចោទថាពួកគេចេះអំពើអាបធ្មប់ ជាដើមហេតុបណ្ដាលឲ្យម្ដាយខ្លួនស្លាប់ ទើបកើតជាគំនុំសងសឹក។
បើយោងតាមការបញ្ជាក់ពីលោកវរេសេនីយ៍ឯក ផាន ផល អធិការនគរបាលស្រុកទ្រាំង បានឲ្យដឹងថា មានករណីឃាតកម្មគិតទុក ជាមុន បានកើតឡើងនៅវេលាម៉ោង ២៣យប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ គឺបង្កឡើងដោយជនសង្ស័យ ២នាក់បងប្អូនបង្កើត ។
១. ឈ្មោះម៉ម អែម ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិធ្នោះឃុំអង្កែវស្រុកទ្រាំង មានមុខរបរកម្មករសំណង់
២. ឈ្មោះម៉ម អន ហៅពោត ភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិឃុំជាមួយគ្នា មានមុខរបរកម្មករសំណង់។ ប្រដាប់ដោយកាំបិតក្រង៉ុក នឹងម៉ូតូមួយគ្រឿងបានដឹកគ្នាចូលទៅកាប់ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ដែលកំពុង ដេកនៅលើគ្រែក្រោមផ្ទះក្នុងភូមិឃុំជាមួយគ្នា បណ្តាលអោយមានរបួសស្នាមជាទម្ងន់ ទាំងពីរនាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី។ ដោយជនរងគ្រោះមានឈ្មោះ មាស សាម៉ន អាយុ៥៦ឆ្នាំ មានមុខរបរកសិករ (ប្តី) និងជនរងគ្រោះឈ្មោះ វា ស្រី អាយុ៥៧ឆ្នាំ មុខរបរកសិករ (ប្រពន្ធ)។
លោកអធិការនគរបាលស្រុក បានបន្តថា ក្រោយពេលកើតហេតុ កំលាំងសមត្ថកិច្ច បានឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ម៉ម អន ហៅ ពោត (ម្ចាស់ម៉ូតូ) ដកហូតម៉ូតូ១គ្រឿង ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ម អែម បានគេចខ្លួនបាត់។
ចំពោះមូលហេតុ៖ ដោយចោទជនរងគ្រោះថាជាគ្រូធ្មប់ធ្វើឲ្យម្តាយខ្លួនឈឺស្លាប់។
បច្ចុប្បន្ន ជនបង្កម្នាក់ដែលឃាត់ខ្លួនបាន ត្រូវបានកំលាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តទៅតាមនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី ០៥ ខែមិនា ឆ្នាំ២០២០ ចំណែកឯជនបង្កម្នាក់ទៀត ត្រូវបានកំលាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនយកមកផន្តន្ទាទោស ទៅតាមផ្លូវច្បាប់៕ តាកែវ