ភ្នំពេញ៖ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រជប៉ុនបានចេញលិខិតប្រញាប់ណាស់មួយច្បាប់ដោយគោរពជូនលោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិករណីបុរសជនជាតិជប៉ុនម្នាក់ផ្ទុកវីរុសខូវីដ 19។
ក្នុងលិខិតប្រញាប់ណាស់នេះបានបញ្ជាក់ថា នៅថ្ងៃព្រឹកថ្ងៃទី 4 ខែមីនាឆ្នាំ 2020 បុរសជនជាតិជប៉ុនម្នាក់មានអាយុជាង 40 ឆ្នាំត្រូវបានរកឃើញថាមានផ្ទុកវីរុសខូវីដ19 ពេលមកដល់អាកាសយានដ្ឋាន Chubu ទីក្រុងNagoya ប្រទេសជប៉ុននៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្ត្រីចត្តាឡីស័ក ដោយសារគាត់ពិបាកដកដង្ហើម។ បុរសនេះបានធ្វើដំណើរទៅប្រទេសកម្ពុជានៅថ្ងៃទី 16 ខែកុម្ភៈឆ្នាំ 2020 ឆ្លងកាត់វៀតណាម ហើយបានធ្វើដំណើរទៅហ្វីលីពីននៅថ្ងៃទី 21 ខែកុម្ភៈ។ គាត់បញ្ជាក់ថាមិនសូវស្រួលខ្លួននៅថ្ងៃទី 21 ខែកុម្ភៈ។ គាត់បញ្ជាក់ថាគាត់បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី 28 ខែកុម្ភៈ ហើយនៅថ្ងៃទី 3 ខែមីនាបានទៅពេទ្យមួយនៅស្រុកខ្មែរដោយមិនបញ្ជាក់ឈ្មោះ និងក៏មិនបានបញ្ជាក់ពីរោគសញ្ញានោះដែរ។
បុរសនេះបានចាកចេញពីអាកាសយានដ្ឋានសៀមរាបនៅម៉ោង 20 និង 57 នាទីថ្ងៃទី 3 ខែមីនាឆ្នាំ 2020 តាមជើងយន្តហោះ VNB14 កៅអី 33D ទៅអាកាសយានដ្ឋានTan Son Nhat ទីក្រុងហូជីមិញរួចប្ដូរជើងហោះហើរ VN340 កៅអី 2Cមកទីក្រុង Nagoya។
មនុស្ស 51នាក់រួមទាំងបុគ្គលិកបម្រើលើយន្តហោះដែលធ្វើដំណើរមកពីសៀមរាបជាមួយបុរសនេះត្រូវបានដាក់ឱ្យសុទ្ធដោយឡែកនៅទីក្រុងហូជីមិញ។
ជប៉ុនរកឃើញករណីកូរ៉ូណាវីរុសលើជនជាតិជប៉ុនមា្នក់ ដែលបានធ្វើដំណើរចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម កាលពីថ្ងៃទី៤ ខែមីនា។ ចំពោះករណីនេះក្រសួងសុខាភិបាលគ្រោងនឹងបញ្ជាក់បន្ថែមនៅរសៀលនេះ ប៉ុន្តែរដ្ឋបាលខេត្តសៀមរាបអះអាងនៅថ្ងៃនេះថា ប្រទេសជប៉ុនមិនទាន់បានបញ្ជាក់ជាផ្លូវការនូវឡើយទេ ចំពោះករណីនេះ។
អ្នកដំណើរជនជាតិជប៉ុន ដែលត្រូវបានលាក់អត្តសញ្ញាណរូបនេះ បានធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម កាលពីថ្ងៃអង្គារ ទី៣ មីនា ពីក្រុងសៀមរាបប្រទេសកម្ពុជា ទៅក្រុងហូជីមីញប្រទេសវៀតណាម ដើម្បីបន្តដំណើរតាមជើងយន្តហោះដដែលឆ្ពោះទៅកាន់ប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express កាលពីយប់ថ្ងៃទី៤ ខែមីនា។
ប្រភពដដែលឲ្យដឹងថា ក្រោយពីធ្វើដំណើរដល់ព្រលានយន្តហោះ Nagoya របស់ជប៉ុន បុរសរូបនេះបានបង្ហាញរោគសញ្ញា ហើយត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ក្រោយមកក៏ត្រូវបានធ្វើតេស្តវិជ្ជមានរកឃើញមានជំងឺខូវីដ១៩៕ ដោយ៖កូឡាប