ជំងឺមរណៈប្រភេទថ្មី Covid-19 ដែលមានប្រភពចេញពីក្នុងទីក្រុង Wuhan ប្រទេសចិន មិនត្រឹមតែសម្លាប់ពលរដ្ឋចិន និងឆ្លងយ៉ាងច្រើននោះទេ គឺបាននិងកំពុងរីករាយដាលដល់ប្រទេសនានានៅលើពិភពលោក ជាពិសេសនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានដឹងថា បានកំពុងមានអត្រាអ្នកស្លាប់ និងឆ្លងដ៏ច្រើនបំផុត បន្ទាប់ពីប្រទេសចិន ។
ខណៈពេលនេះ ដែលពុំទាន់អ្នកវិទ្យាសាស្ត្រណាមួយ អាចរកឃើញថ្នាំព្យាបាល និងបង្ការជំងឺនេះជាផ្លូវការនៅឡើយនោះ ឃើញថាម៉ាសពាក់ការពារក៏មានការខ្វះខាតជាខ្លាំង ព្រោះការផលិតមិនអាចផ្គត់ផ្គង់ទាន់តម្រូវការអ្នកប្រើប្រាស់ ដែលរហូតមានកន្លែងមួយចំនួនឆ្លៀតឱកាសលក់តំឡើងថ្លៃហួសប្រមាណ និងបែកគំនិតដើរប្រមូលម៉ាសចាស់យកមកបោកអ៊ុតឲ្យមើលទៅដូចថ្មីលក់ឡើងវិញទៀតផង ។
ទោះយ៉ាងណា នៅក្នុងប្រទេសកម្ពុជារបស់យើង ពុំលេចមានរូបភាពអាក្រក់បែបនេះនោះទេ និងក៏ពុំទាន់ខ្វះតម្រូវការម៉ាសផងដែរ ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលនោះ គឺមានកូនខ្មែរម្នាក់បានបង្ហោះលក់ម៉ាសផលិតពីក្រមាសុទ្ធសាធ ទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំង ព្រោះម៉ាសស្នាដៃកូនខ្មែរមួយប្រភេទនេះ ត្រូវបានគេវាយតម្លៃថាល្អ និងមានគុណភាពប្រើប្រាស់បានយូរជាងម៉ាសកំពុងពេញនិយមសព្វថ្ងៃ ៕ ដោយ៖ លឹម ហុង