ករណីវិវាទរវាងអ្នកភូមិ និងលោក ព្រាប សុវត្ថិ បានឈានដល់ទីបញ្ចប់ហើយ ដោយលោកបានឯកភាពធ្វើតាមសំណូមពរទាំងអស់របស់ប្រជាពលរដ្ឋ បន្ទាប់ត្រូវបានសម្របសម្រួលដោះស្រាយដឹកនាំដោយលោក ឆាយ វាសនា នាយករដ្ឋបាលសាលាខ័ណ្ឌសែនសុខ អស់ពេលប្រមាណ១ម៉ោង នៅឯផ្ទះលោក ព្រាប សុវត្ថិ កាលពីវេលាម៉ោង ១០ ព្រឹកនេះ (ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០) ។
ទោះយ៉ាងណា ជុំវិញការជួបជុំទល់មុខគ្នាដោះស្រាយចំពោះរឿងទាំងអស់នេះ ក្នុងនោះចំណុចចោទប្រកាន់ដែលថាលោក ព្រាប សុវត្ថិ ធ្វើរបងរំលោភលើចំណីផ្លូវ ត្រូវបានរកឃើញថាមានការភាន់ច្រឡំ ហើយប្រជាពលរដ្ឋក៏បានសុំទោសលោក ព្រាប សុវត្ថិ ផងដែរ បន្ទាប់ពីបានយល់ច្បាស់ពីការពន្យល់បកស្រាយរបស់លោកភូមិបាល ។
ជាមួយនឹងការទទួលស្គាល់កំហុសរបស់ប្រជាពលរដ្ឋ លោក ព្រាប សុវត្ថិ ដែលទើបជួបរឿងរ៉ាវនេះលើកដំបូងក្នុងឆាកជីវិត និងស្ទើរស្រក់ទឹកភ្នែក បានសំណូមពរដល់ប្រជាពលរដ្ឋថ្ងៃមុខថ្ងៃក្រោយ មុននឹងបង្ករឿងឡើងដល់អ្នកផ្សេង គួរណាស់សួរនាំគ្នាទៅ ព្រោះសុទ្ធសឹងតែជាអ្នកភូមិរបងជាមួយ និងសំខាន់ទៅដល់អាជ្ញាធរភូមិឃុំមានសមត្ថកិច្ច ទើបជាការល្អ ដើម្បីចៀសវាងឲ្យរឿងផ្ទុះឡើងត្រូវបានមហាជនជេរប្រមាថដល់គេអាប់ឱនកិត្តិយស ហើយទីបំផុត ខ្លួនក៏ដឹងខុស និងបានត្រឹមលើកដៃសុំទោសគេដែលពិបាកនឹងទទួលយកបានណាស់ ៕ ដោយ៖ លឹម ហុង
ប្រភពវីដេអូ៖ (FBTV news)