ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៨មីនា បានថ្លែងថា “សមយុទ្ធនាគមាសឆ្នាំ២០២០” ដែលប្រារព្ធរួមគ្នារវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ “រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌កម្ពុជា-ចិន” នឹងធ្វើឡើងតាមការគ្រោងទុក ចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅលាហ្វឹកហ្វឺនតេជោសែនជុំគិរី នៃកងពលតូចលេខ៧០ ស្រុកជុំគិរី ខេត្តកំពត។
លោកបន្តថា សមយុទ្ធនាគមាសលើកទី៤នេះ នឹងមានកម្លាំងចូលរួមជាង៣ពាន់នាក់ ដែលក្នុងនោះភាគីចិនមានកងទ័ពចូលរួមសរុប ២៦៥នាក់ ចំណែកភាគីកម្ពុជាមានកម្លាំងចូលរួម២៨៧១នាក់។ គ្រឿងយុទ្ធភណ្ឌសម្រាប់បំពាក់ឱ្យសមយុទ្ធនេះ មានឧទ្ធម្ភាចក្រ កាំភ្លើងធំ រថក្រោះ រថពាសដែក កាំភ្លើងត្បាល អាវុធធុនស្រាល និងបរិក្ខាយោធាមួយចំនួនទៀតជាដើម។
“សមយុទ្ធនាគមាសឆ្នាំ២០២០” នៅតែបន្តផ្តោតសំខាន់លើការប្រឆាំងភេវរកម្ម និងការងារមនុស្សធម៌ ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ កម្ពុជា-ចិន បន្តសិក្សារៀនសូត្រ ដកបទពិសោធន៍ទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ ក្នុងជួយសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ ការរក្សាសន្តិភាព ក៏ដូចជាសម្រាប់ការបំពេញភារកិច្ចការពារជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។
នាយឧត្តមសេនីយ៍ បានថ្លែងថា សមយុទ្ធនាគមាស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញមិត្តភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ខណៈដែល មិត្តភាពជាដែកថែប រឹងមាំជាងដំណាក់កាលណាៗទាំងអស់របស់ប្រទេសទាំងពីរ ត្រូវបានកើតឡើងក្នុងដំណាក់កាលដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា និង លោកស៊ី ជីនពីង ប្រធានាធបិតី នៃសាធារណរដ្ឋប្រជាមានិតចិន។
នេះជាលើកទី៤ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ លើកទី៣នៅឆ្នាំ២០១៩។ ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធក៏កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕ដោយ៖កូឡាប