ភ្នំពេញ-កាលពីល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ តារាសម្តែងអ្នកមេម៉ាយកូនមួយ ភិន ដាលីស បានប្រារព្ធពិធីខួបកំណើតកូនស្រីអាយុមួយខួប ដោយមានការផ្តួចផ្តើមពីលោកចាងហ្វាងផលិតកម្ម លោក អ៊ិន សុភិន ដែលធ្វើឡើងយ៉ាងប្រថុចញ៉ុុច នៅគេហដ្ឋានរបស់លោកផ្ទាល់តែម្តងស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី។
តារាសម្តែងរូបនេះ ភិន សុដាលីស វិញប្រាប់ថា នាងថា ពិតជាសប្បាយចិត្តដែលនាងបានរៀបចំកម្មវិធីបែបនេះ សម្រាប់ខួបកូនស្រីគម្រប់មួយឆ្នាំ។ នាងថា មិនមានគម្រោងឡើយ ប៉ុន្តែដោយសារឪពុកនាងជួយរៀបចំ ទើបធ្វើរាងធំបន្តិច គឺមានភ្ញៀវប្រមាណ៤០០នាក់ ក្នុងនោះមានអ្នកសិល្បៈមួយចំនួនផងដែរ។ នាងថា មួយឆ្នាំពិតជាលឿនហើយនាងសប្បាយចិត្តដែលមានកូនស្រីដ៏គួរឲ្យស្រលាញ់ បើទោះបីជាមិនមានវត្តមានឪពុកក្តី។
លោក អ៊ិន សុភិន បានបញ្ជាក់ថា កាដូសម្រាប់ចៅស្រី គឺទឹកប្រាក់សុទ្ធចំនួន២ម៉ឺនដុល្លារអាមេរិក សម្រាប់ចៅស្រីបង្កើតមូនិធិជួយដល់កុមារកំព្រា ពិសេសកុមារដែលឪពុកម្តាយបោះបង់ចោល។ លោកថា ចៅស្រីលោកទោះបីជាឪពុកបោះបង់ចោលចាប់តាំងពីនៅក្នុងផ្ទៃ៤ខែក្តី ក៏ពេលនេះនាងទទួលបានភាពកក់ក្តៅ និងការយកចិត្តទុកដាក់ខ្លាំងពីក្រុមគ្រួសារលោក ហើយលោកនឹកដល់កុមារដែលរស់នៅមណ្ឌលកុមារកំព្រា ដែលខ្វះភាពកក់ក្តីពីក្រុមគ្រួសារ។ លោកថា មូនិធីដែលបង្កើតសម្រាប់ចៅស្រី និងជួយដល់មណ្ឌលកុមារកំព្រាណាដែលខ្វះខាត ហើយលោកក៏នឹងបែងចែកទៅតាមលទ្ធភាពផងដែរ។ លោកថាមូនិធិនេះ នឹងបានរួមចំណែកជួយដល់កិច្ចការងារសង្គមផងដែរ៕ ដោយ-គីម ស្រីរ័ត្ន