ការចាកចោលគ្រួសារទៅធ្វើការនៅទីកន្លែងដទៃ គឺប្រហែលជាបញ្ហាដែលពិបាកបំផុត ដែលពលករចំណាកស្រុកត្រូវប្រឈមមុខ ។ ទោះយ៉ាងណា បុរសម្នាក់នេះបានសម្រេចចិត្តថា គ្មានបញ្ហាអ្វីនោះទេ សម្រាប់ទីកន្លែងដែលគាត់ទៅ, គាត់ត្រូវតែស្ថិតនៅជាប់គ្រួសាររបស់គាត់ បើទោះត្រូវដើរទៅកាន់ស្ថានីយ៍រថភ្លើងរៀងរាល់យប់ក៏ដោយ ដើម្បីបានធ្វើរឿងមួយនេះ ។
Ge Yuanzheng ដែលមកពីខេត្ត Henan គឺជាពលករម្នាក់ ក្នុងចំណោមពលកររាប់លាននាក់ នៅក្នុងប្រទេសចិន ។ កាលពីខែតុលា ឆ្នាំមុន គាត់បានផ្លាស់ទៅកាន់ទីក្រុងសៀងហៃ ដើម្បីប្រកបការងារជាកម្មករ ព្រោះចង់ឲ្យគ្រួសាររបស់គាត់មានជីវភាពល្អប្រសើរនឹងគេ ។ គាត់រកលុយបានពី ២០០ យន់ ទៅ ៣០០ យន់ ក្នុង១ថ្ងៃ ។ នៅទីនោះ Ge បានរស់នៅជាមួយអ្នករួមការងារដទៃទៀត ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានមួយ ហើយគាត់គ្រាន់តែចំណាយលុយទៅលើតម្រូវការចាំបាច់ប្រចាំថ្ងៃខ្លួនគាត់ប៉ុណ្ណោះ ។
ជាការពិត បន្ទាប់រយៈពេល ៣ ខែ ធ្វើការនៅទីនោះ (សៀងហៃ) គាត់ពុំដែលបោះជំហានទៅកាន់ទីកន្លែងទេសចរណ៍ល្បីណាមួយសូម្បី១លើកឡើយ ព្រោះបារម្ភថា គាត់នឹងចំណាយប្រាក់ខាតបង់ឥតប្រយោជន៍ ។ គាត់ខំសន្សំសំចៃខ្លាំងណាស់ ដែលសូម្បីរិះថាំ ក្នុងការចំណាយលុយទៅលើសេវាប្រើអ៊ីនធើរណេត ដើម្បីទំនាក់ទំនងខលវីដេអូទៅផ្ទះ ។ Ge និយាយថា៖ «ខ្ញុំមិនចង់ចំណាយលុយ ប៉ុន្តែ ខ្ញុំនឹកផ្ទះ និងចង់និយាយទៅកាន់គ្រួសារ» ។
ដើម្បីដោះស្រាយបញ្ហាទ្វេនេះ គាត់បានសម្រេចចិត្តទាញយកប្រយោជន៍ពីសេវាអ៊ីនធើរណេត «Wi-Fi» ដែលមានសេវាល្អឥតខ្ចោះ នៅឯកន្លែងស្ថានីយ៍រថភ្លើង ។ រៀងរាល់យប់ គាត់បានដើរទៅកាន់ទីនោះ និងអង្គុយតេជជែកជាមួយប្រពន្ធរបស់គាត់ ដើម្បីបញ្ជាក់ឲ្យនាងដឹងថា គាត់ស្រលាញ់ និងគិតពីប្រពន្ធប៉ុណ្ណា! ។
គួរបញ្ជាក់ថា Ge និងប្រពន្ធរបស់គាត់ មានកូនក្នុងបន្ទុក ២ នាក់ ។ កូនរបស់ពួកគេសព្វថ្ងៃ មានការងារធ្វើហើយ ខណៈកូនស្រីវិញ កំពុងសិក្សាផ្នែកគិលានុបដ្ឋាយិកា ។ បើតាមដឹង នោះថ្លៃសិក្សាកូនស្រីរបស់ពួកគេ ត្រូវបង់ប្រហែល ៣០ ពាន់យន់ ក្នុង១ឆ្នាំ ៕ ចន្ទី