កាលពី ២០-៣០ មុន ស៊ីក្លូត្រូវបានដឹងថាគឺជាមធ្យោបាយមិនអាចខ្វះបាន សម្រាប់បងប្អូនអ្នករស់នៅក្នុងងទីក្រុងភ្នំពេញ ក្នុងការធ្វើដំណើរចេញចូលដូចជាឡើងផ្សារ និងទៅទីកន្លែងផ្សេងៗក្នុងក្រុង ។ ស៊ីក្លូក៏ត្រូវបានដឹងផងដែរថា ពេញនិយមសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងការធ្វើដំណើរទៅកាន់ទីកន្លែងសំខាន់ៗក្នុងទីក្រុង ដើម្បីទស្សនាកម្សាន្ត ។
ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា របរធាក់ស៊ីក្លូបានថមថយចុះយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ។ ជាក់ស្តែង ដូចសម័យបច្ចុប្បន្ននេះ មុខរបរមួយនេះគឺស្ទើរដាច់បាយទៅហើយ ដោយមានមនុស្សតិចតួចបំផុត ដែលគេសម្គាល់ថាជាមនុស្សម៉ូយចាស់ៗ ដែលមានក្តីអាណិតដល់តាស៊ីក្លូ ព្រោះថា បច្ចុប្បន្ននេះ មនុស្សទាំងឡាយត្រូវការសេវាកម្មអ្វីៗដែលទំនើប និងលឿនរហ័សទាន់ចិត្ត ដូចជាមធ្យោបាយដឹកអ្នកដំណើរម៉ូតូកង់បី (Pass App) ដែលកំពុងពេញនិយមបច្ចុប្បន្ន ។
លើកឡើងទាក់ទងនឹងមុខរបរធាក់ស៊ីក្លូ ដែលស្ទើរតែគ្មានអ្នកជិះនេះ បងស្រីម្នាក់ដែលមានក្តីអាណិតអាសូរដល់អ៊ុំៗស៊ីក្លូម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះ សុខឿន សង្ហារឹម កំពង់ធំ បានបញ្ចេញនូវអារម្មណ៍មួយនេះគួរឲ្យរំជួលចិត្តថា៖
«មកពីផ្សារវិញ ថារកម៉ូតូជិះ ស្រាប់តែអ៊ុំសុីក្លូសួរថា ក្មួយជិះសុីក្លូទេ ខ្ញុំឆ្លើយថាអត់ទេអ៊ុំ (ដោយប្រញាប់ ព្រោះទុកម្តាយនៅក្នុងមន្ទីរពេទ្យតែឯង) ខ្ញុំហុចលុយអោយគាត់ តែគាត់មិនយក ហើយគាត់ឆ្លើយថា បើក្មួយជិះបានអ៊ុំយកលុយ បើមិនជិះអ៊ុំមិនយកលុយទេ ខ្ញុំឮពាក្យនេះពិបាកឆ្លើយ។ ធ្វើបុណ្យសន្សំកុសល» ៕ អត្ថបទ៖ លឹម ហុង