ភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការខកចិត្តជាខ្លាំងចំពោះមតិយោបល់របស់ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានលើកឡើងពាក់ព័ន្ធនឹងដំណើរការកាត់ក្តី លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ អគ្គរដ្ឋទូតសហរដ្ឋអាមរិក លោក W. Patrick Murphy បានចូលស្តាប់សវនការករណីលោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រសួងការបរទេស បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៣ខែមីនានេះ បានបញ្ជាក់ថា ការថ្លែងបែបនេះ គឺជាការប្រព្រឹត្តផ្ទុយទៅនឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរក្នុងការធ្វើឱ្យប្រសើរឡើង នូវការយោគយល់គ្នានិងការគោរពគ្នាទៅវិញទៅមក ក៏ដូចជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ក្នុងពេលដែលប្រទេសទាំងពីរ កំពុងប្រារព្ធធ្វើពិធីអបអរសាទរខួបចំណងមិត្តភាព៧០ឆ្នាំ របស់ខ្លួននៅក្នុងឆ្នាំនេះ។
លើសពីនេះ ការថ្លែងយោបល់បែបនេះ គឺជាការធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកម្ពុជា ដែលជាស្ថាប័នឯករាជ្យនិងដាច់ដោយឡែក ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងជាការបង្ហាញឲ្យឃើញពីឥរិយាបទគ្មានការទូត និងខ្វះការគោរពចំពោះអធិបតេយ្យរបស់កម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះ។
គួរគត់សម្គាល់ផងដែរថា នេះជាលើកទីមួយហើយ ដែលយើងសង្កេតឃើញវត្តមានរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកគឺលោក W. Patrick Murphy បានទៅចូលរួមសង្កេតការណ៍ដោយផ្ទាល់ ក្នុងដំណើរការសវនការក្តីរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីដំណើរការសវនការអស់រយៈ៩សប្តាហ៍កន្លងមក គឺចាប់តាំងពីថ្ងៃទី ១៥ មករា ២០២០ ។ សវនាការថ្ងៃទី១១ និង ១២ ខែមីនា ឆ្នាំ២០២០នេះ គឺជាសវនាការលើកទី៧ បន្ទាប់ពីតុលាការបានរំលងពេលអស់ពីរសប្តាហ៍គឺ សប្តាហ៍ទី៦ និង សប្តាហ៍ទី៨ ដោយអះអាងថា ដើម្បីទុកពេលវេលាដល់ភាគីមេធាវីលោក កឹម សុខា បានសិក្សាលើឯកសារភស្តុតាងក្នុងសំណុំរឿង និងទុកសាលសវនការដើម្បីដំណើរការលើសំណុំរឿងផ្សេងៗទៀតផងដែរ ។
នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចេញពីបន្ទប់សវនាការនាព្រឹកនេះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមរិក W. Patrick Murphy ក៏បានធ្វើសន្និសីទកាសែតផងដែរ ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា (U.S. Embassy Phnom Penh, Cambodia) បានចេញប្រកាសព័ត៌មានថា ថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy មានវត្តមាននៅក្នុងសវនការកាត់ក្តីលោក កឹម សុខា ក្នុងនាមជាអ្នកសង្កេតការណ៍។ នេះគឺជាសេចក្តីថ្លែងរបស់លោកទៅកាន់អ្នកសារព័ត៌មាន នៅក្រៅតុលាការ៖ សហរដ្ឋអាមេរិកកំពុងតាមដានសវនការកាត់ក្តីលោក កឹម សុខាយ៉ាងដិតដល់។ ដំណើរការនេះអាចមានបច្ច័យទៅលើនិតិរដ្ឋ និងដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ នៅកម្ពុជា និងសម្រាប់ទំនាក់ទំនងអន្តរជាតិ របស់ប្រទេសកម្ពុជា។ លោក កឹម សុខាមានកេរ្តិ៍ឈ្មោះដែលលោកសមនឹងទទួលបាននៅទូទាំងពិភពលោក ថាជាអ្នកគាំទ្រសិទ្ធិ និងសេរីភាព។ យើងរីករាយនឹងឃើញថា សិទ្ធិនយោបាយរបស់លោកត្រូវបានគេប្រគល់ឲ្យលោកវិញ ហើយយើងសង្ឃឹមផងដែរថា ប្រជាជនកម្ពុជាទាំងអស់អាចចូលរួមក្នុងដំណើរការនយោបាយ។ បុគ្គលិកស្ថានទូតបានចូលរួមក្នុងគ្រប់ថ្ងៃនៃដំណើរការសវនការនេះ។ យើងមានការរំខានចិត្ត ដោយខាងព្រះរាជអាជ្ញាបានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើង ទាក់ទងនឹងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន ៣ ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជា ក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ដោយរួមទាំងជំនួយប្រកបដោយតម្លាភាព ដើម្បីពង្រឹងស្ថាប័ន និងគណបក្សនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ កម្មវិធីរបស់យើងគឺសម្រាប់គណបក្សនយោបាយទាំងអស់ ដោយរួមទាំងគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងប្រទេស និងស្ថាប័នជាច្រើនទៀតរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលរបស់ខ្ញុំបានបញ្ជាក់ច្បាស់ហើយថា សហរដ្ឋអាមេរិកមិនដែលចង់ជ្រៀតជ្រែកក្នុងអភិបាលកិច្ចរបស់ប្រទេសកម្ពុជាទេ ។ យើងគោរពពេញលេញចំពោះឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ តែ យើងគាំទ្រសេរីភាពក្នុងការបញ្ចេញមតិ សង្គមស៊ីវិលដែលមានភាពសកម្ម និងការអត់ឱនដល់ទស្សនៈប្រឆាំង ជាផ្នែកសំខាន់ចាំបាច់មួយនៃគ្រប់លទ្ធិប្រជាធិបតេយ្យ៕ដោយ៖កូឡាប