Friday, November 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៦ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទក្នុង គោលបំណងដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការលើកកម្ពស់អនាម័យជនបទនិងរួម គ្នាធ្វើឱ្យស្ថានភាពអនាម័យនៅកម្ពុជាកាន់តែប្រសើរឡើង ដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់ ក្នុងគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។ ការលើកកម្ពស់អនាម័យជនបទនៅតជាការងារ អាទិភាពរបស់រាជរដ្ឋាភិបាល។ ជាក់ស្ដែង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានបញ្ជាក់ យ៉ាងច្បាស់អំពីការបន្តជំរុញការអភិវឌ្ឍជនបទ តាមរយៈការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទដោយផ្តោតជាសំខាន់លើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០%នៅឆ្នាំ២០៣០។

អត្រានៃការទទួលបានសេវាអនាម័យជនបទមានការកើនឡើងគួរជាទីមោទនៈ។ គិតមកដល់ពេលបច្ចុប្បន្ននេះ រាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេសសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ដែល ក្នុងនោះមានភូមិចំនួន១៤ ៥៧៦ ឃុំចំនួន១ ៦៥២ ស្រុកចំនួន១៦៣ ក្រុងចំនួន៣៣ និងខណ្ឌចំនួន១៤ ដែល ជាសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមថ្មីមួយទៀតរបស់កម្ពុជា។ ដោយឡែក អត្រាគ្របដណ្ដប់អនាម័យជនបទបាន កើនឡើងពី៩០% នៅឆ្នាំ២០២៤ ដល់៩៥% ក្នុងឆ្នាំ២០២៥នេះ នឹងឱ្យសម្រេចបាន១០០% នៅឆ្នាំ២០៣០។
សមិទ្ធផលដែលសម្រេចបាននេះ បញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ បានរួមគ្នាខិតខំប្រឹងប្រែងអនុវត្តការងារលើកកម្ពស់អនាម័យជនបទ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងយន្តការដែល បានដាក់ចេញនាពេលកន្លងមក។ លទ្ធផលនេះក៏បានបង្ហាញឱ្យឃើញការប្រែប្រួលជាវិជ្ជមាននូវកម្រិតនៃការ យល់ដឹងអំពីការប្រតិបត្តិអនាម័យល្អ។

សម្តេចមហាបវរធិបតី បានថ្លែងថា ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ និង សូមថ្លែងអំណរគុណចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលចូលរួមយ៉ាងសស្រាក់សសាំ អស់ពីកម្លាំងកាយចិត្តក្នុងការងារលើកកម្ពស់អនាម័យជនបទនាពេលកន្លងមក និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឱ្យស្ថានភាពអនាម័យជនបទនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង ឈានទៅសម្រេចបាននូវគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៦នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមផ្តល់ជាអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ទី១- បន្តពង្រឹងការងារសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទតាមរយៈ
យន្តការក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ទី២- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួមសហការ ឱ្យកាន់តែទូលំទូលាយ និងជិតស្និទ្ធបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលដៅ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ទាក់ទងនឹងការងារលើកកម្ពស់អនាម័យ
ជនបទ។
ទី៣- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ អង្គការមិនមែន រដ្ឋាភិបាល រៀបចំធ្វើបច្ចុប្បន្នភាពគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពវិស័យផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទ ដើម្បីប្រើប្រាស់ជាឯកសារគតិយុត្ត និងជាផែនទីបង្ហាញផ្លូវក្នុងការងារលើកកម្ពស់អនាម័យជនបទ។
ទី៤- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍនិងវិស័យ ឯកជន ព្រមទាំងសប្បុរសជននានាលើការងារលើកកម្ពស់អនាម័យជនបទ។
ទី៥- ក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្តពង្រឹងយន្តការគ្រប់គ្រងទិន្នន័យអត្រាគ្របដណ្ដប់អនាម័យជនបទឱ្យ កាន់តែមានភាពច្បាស់លាស់ និងប្រកបដោយភាពជឿជាក់សម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការតាមដានត្រួតពិនិត្យ
និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។
ទី៦- ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗទាក់ទងនឹង ការងារលើកកម្ពស់អនាម័យជនបទដែលសមស្រប និងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជា ការគ្រប់គ្រងកាកសំណល់លាមកប្រកបដោយសុវត្ថិភាព និងចីរភាព។
ទី៧- ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តលើកទឹកចិត្ត និងគាំទ្រតាមគ្រប់រូបភាព ដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែលទទួលបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិត មូលដ្ឋាន ដើម្បីរក្សាបាននូវនិរន្តរភាព និងឈានទៅសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែល បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់។
ទី៨- ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តការយកចិត្តទុកដាក់បន្ថែមទៀតចំពោះ ក្រុមងាយរងគ្រោះ គ្រួសារក្រីក្រ ជនជាតិដើមភាគតិច ស្ត្រីមេម៉ាយ ជនមានពិការភាព និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបានសេវាអនាម័យកាន់តែប្រសើរឡើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×