ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១៤ខែមីនា បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុសរាតត្បាត កូវីដ១៩ និងក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធកម្ពុជា រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID នឹងផ្តល់ជំនួយចំនួន ២ លានដុល្លារ បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា សម្រាប់ផ្នែកទំនាក់ទំនងគ្រប់គ្រងហានិភ័យ ការចូលរួមសហគមន៍ និងការគាំទ្រដល់មន្ទីរពិសោធន៍។
ប្រភពដដែល បានបន្តថា ចាប់តាំងពី ប្រទេសកម្ពុជាបានរាយការណ៍ពីករណីទី ១ នៃកូវីត១៩ កាលពីខែមករា ក្រុមគ្រូពេទ្យជំនាញនៃស្ថានទូតអាមេរិកនៅភ្នំពេញ និងក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីអង្គការសុខភាពពិភពលោក និងស្ថាប័នពាក់ព័ន្ធដទៃទៀតដើម្បីគាំទ្រ ការខិតខំការពារ ការរកឃើញ និងការឆ្លើយតបចំពោះមេរោគឆ្លងកូវីត១៩។
អ្នកជំនាញស្ថានទូតអាមេរិករួមមានអ្នកតំណាងមកពីទីភ្នាក់ងារប្រយុទ្ធប្រឆាំង និងការពារជំងឺឆ្លង CDC វិទ្យាស្ថានជាតិសុខភាពជាតិ ទីភ្នាក់ងារអាមេរិកUSAID អង្គភាពស្រាវជ្រាវវេជ្ជសាស្ត្រកងទ័ពជើងទឹកសហរដ្ឋអាមេរិក (NAMRU-2) និងក្រសួងការបរទេសសហរដ្ឋអាមេរិក។
ទីភ្នាក់ងារប្រយុទ្ធប្រឆាំង និងការពារជំងឺឆ្លង CDCនៃសហរដ្ឋអាមេរិក និងអ្នកជំនាញដទៃទៀតផ្នែកសុខាភិបាល កំពុងតែធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីឆ្លើយតបភ្លាមៗទៅនឹងករណីមេរោគកូវីត១៩ ដែលត្រូវបានរកឃើញនៅ កំពង់សោម សៀមរាម កំពង់ចាម និងទីក្រុងភ្នំពេញ។ ពួកគេបានជួយផងដែរដល់វិទ្យាស្ថានប៉ាស្ទ័រ មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ក្នុងការធ្វើតេស្តរកមើលមេរោគ។ លើសពីនេះទៅទៀត តំណាងនៃវិទ្យាស្ថានសុខភាពសាធារណៈ ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា រួមចំណែកដល់ការស្រាវជ្រាវជាសាកលលើមេរោគកូវីត១៩ នេះ។
សហរដ្ឋអាមេរិកមានភាពជាដៃគូយូរអង្វែងជាមួយប្រជាជនកម្ពុជា ក្នុងវិស័យសុខាភិបាល ជាពិសេសក្នុងការប្រយុទ្ធនឹងជំងឺឆ្លង។ កិច្ចសហការដ៏ជិតស្និទ្ធនេះ នឹងមានជាយូរអង្វែងទៅមុខទៀត ក្នុងពេលយើងបន្តដោះស្រាយបញ្ហាប្រឈមទាំងនេះ៕ដោយ៖កូឡាប