ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងថា ការផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ដើម្បីឲ្យអ្នកវិជ្ជាជីវៈ និងក្រុមហ៊ុនប្រកបការងារលើវិស័យសំណង់ បង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគិន និងអតិថិជនគ្រប់វិស័យទាំងអស់។
ក្នុងគោលបំណងដើម្បីបញ្ជៀបការយល់ដឹងច្បាប់ ស្តីពីសំណង់និងដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង លើវិស័យសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ មីនា ២០២០ បានរៀបចំវគ្គផ្សព្វផ្សាយអំពីច្បាប់ ស្តីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញ ។
លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា វគ្គផ្សព្វផ្សាយអំពីច្បាប់ ស្តីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញនេះ គឺក្នុងគោលបំណងដើម្បីបញ្ជៀប ការយល់ដឹងច្បាប់ ស្តីពីសំណង់ដែលមានចែងក្នុងច្បាប់ ស្តីពីសំណង់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ដល់មន្ត្រីរបស់យើង ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។
លោកឃួង ស្រេង ក៏បានលើកឡើងថា វិស័យសំណង់នៅភ្នំពេញ គិតត្រឹមឆ្នាំ២០១៩នេះ យើងមានសំណង់បុរី និងបណ្តុំផ្ទះល្វែងចំនួន២៣៧កន្លែង អគារខ្ពស់ៗចំនួន៤ជាន់ឡើងទៅ មានចំនួន១២៤៧ទីតាំង ផ្ទះសំណាក់មានចំនួន៦៣៤ទីតាំង សណ្ឋាគារផ្កាយ៥ ចំនួន៤ទីតាំង សណ្ឋាគារប្រណិតៗចំនួន២៦០ទីតាំង និងទទួលបាននូវគម្រោងសាងសង់ថ្មីៗទៀតចំនួន ១០៣០គម្រោង ដែលមានទំហំទុនវិនិយោគ ប៉ាន់ប្រមាណប្រហែលជា៣,៤ពាន់លានដុល្លារអាមេរិក។
លោកបន្តថា ទន្ទឹមនឹងការរីកចម្រើននេះ រាជធានីភ្នំពេញក៏មានបញ្ហាប្រឈមយ៉ាងខ្លាំងផងដែរ ពិសេសលើវិស័យសំណង់នេះ ព្រោះថាសំណង់កាន់តែច្រើន ទំហំកាន់តែធំ អគារកាន់តែខ្ពស់ ធ្វើឲ្យយើងកាន់តែស្មុគស្មាញ ដែលទាមទារឲ្យចិត្តទុកដាក់ពង្រឹងយន្តការ គ្រប់គ្រងរាល់ដំណើរការសាងសង់ និងការដ្ឋានសំណង់ទាំងអស់ ឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារគុណភាព បច្ចេកទេសសាងសង់ ដើម្បីធានាភាពរឹងមាំ សោភ័ណភាពគុណភាពសំណង់ និងដើម្បីបញ្ជៀសគ្រោះថ្នាក់ការងារ ដែលកើតឡើងដោយយថាហេតុ។
លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍ថា ដោយការខិតខំប្រឹងប្រែងអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច បានធ្វើឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍនិងមានសន្តិសុខល្អប្រសើរ ។
លោកជា សុផារ៉ា បន្តថា ច្បាប់សំណង់ដែលធ្វើការផ្សព្វផ្សាយនេះ មានចំនួន២២ជំពូក និង១១១មាត្រា ហើយគោលបំណងបង្កើតឲ្យមានការផ្សព្វផ្សាយនេះ គឺទី១ ចង់ឲ្យអាជ្ញាធរ មន្ត្រីជំនាញទាំងអស់ដឹងអំពីគោលការណ៍វិធានសំខាន់ៗ ដើម្បីធានាអនុវត្តឲ្យបានត្រឹមត្រូវ មានការឯកភាពគ្នា បំពេញតួនាទី សមត្ថកិច្ចរបស់ខ្លួនប្រកបទៅដោយការទទួលខុសត្រូវ។ គោលបំណងទី២ គឺការជំរុញការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកវិជ្ជាជីវៈ និងក្រុមហ៊ុនប្រកបការងារលើវិស័យសំណង់។ ទី៣ បង្កើនប្រសិទ្ធភាពក្នុងគ្រប់គ្រងវិស័យសំណង់ តាមរយៈការបង្កើនជំនឿទុកចិត្ត ដល់អ្នកវិនិយោគិន និងអតិថិជនគ្រប់វិស័យទាំងអស់។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា លើការងារនេះយើងបានបណ្តុះបណ្តាលរួចហើយ នៅតាមបណ្តាខេត្ត រាជធានីមួយចំនួន ក្នុងនោះ នៅបន្ទាយមានជ័យ សៀមរាប ព្រះសីហនុ ភ្នំពេញ ខណៈខេត្តនិងរាជធានីនេះ កើតឡើងនូវសំណង់ច្រើន ហើយចំពោះការផ្សព្វផ្សាយវិញ យើងបានផ្សព្វផ្សាយរួចហើយដូចជា នៅខេត្តកំពង់ស្ពឺ កំពង់ចាម ខេត្តកែប និង ត្បូងឃ្មុំជាដើម។
លោកបញ្ជាក់ផងដែរថា កន្លងមកនេះនៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ មានសំណង់អត់ច្បាប់ប្រមាណ៧៥ភាគរយ ពេលនេះយើងមានច្បាប់ហើយដើម្បីធានាប្រសិទ្ធភាពនៅក្នុងការអនុវត្តច្បាប់សំណង់នេះ លោកស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មិនអនុញ្ញាត គឺមិនឲ្យសាងសង់ ។ ច្បាប់នេះបានចែងអស់ហើយ ដោយអ្នកល្មើសនឹងមានទោសទណ្ឌថែមទៀត៕ដោយ៖កូឡាប