ភ្នំពេញ៖ ក្នុងយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧.១០៩គ្រឿង រកឃើញល្មើសច្បាប់១.៤៤៣គ្រឿង (ម៉ូតូ៨៩ភាគរយ) អប់រំ៥៣៥គ្រឿង និងផាកពិន័យ៩០៨គ្រឿង។
របាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងបន្តថា៖ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៧ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន៣.៧៩៨គ្រឿង អប់រំ២៧៤គ្រឿង និងផាកពិន័យចំនួន៧៣៧គ្រឿង។
ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា៖ដោយឡែកសម្រាប់រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៧៦៥គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ ជាលទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្ត បានចំនួន ៩១.៥៨៦គ្រឿង រកឃើញយានយន្តល្មើស ១៥.៧៤៩គ្រឿង (ម៉ូតូ៨៤ភាគរយ) ក្នុងនោះអប់រំ ៥.២៧៤គ្រឿង និងផាកពិន័យ ១០.៤៧៥គ្រឿង (ម៉ូតូ៩៣ភាគរយ)៕ ដោយ៖បញ្ញាស័ក្តិ