ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ កាលពីនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ បានចេញព្រមានដល់ លោកស្រី ជា ស៊ុនដាណែត នាយិកាស្ថានីយវិទ្យុស្ត្រី FM102 MHz ឲ្យបញ្ឈប់ការជួលហ្វ្រេកង់ស៍វិទ្យុ FM102 MHz នៅរាជធានីភ្នំពេញ និងហ្វ្រេកង់ស៍វិទ្យុផ្សាយបន្តនៅតាមខេត្តនានា ដោយគ្មានការអនុញ្ញាតពីក្រសួងព័ត៌មាន។
បើតាមក្នុងប្រកាសព័ត៌មានដដែលលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មានបានផ្តល់ហ្វ្រេកង់ស៍វិទ្យុFM102 MHz ឲ្យលោកស្រីប្រើប្រាស់ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែលោកស្រីបានយកហ្វ្រេកង់ស៍វិទ្យុFM102 MHz និងហ្វ្រេកង់ស៍វិទ្យុផ្សាយបន្តនៅតាមខេត្តទៅជួលបន្តដោយបំពានលើប្រកាសរបស់ក្រសួងព័ត៌មាន ដែលតម្រូវឲ្យស្នើសុំការអនុញ្ញាតជាមុនពីក្រសួងព័ត៌មាន ក្នុងករណីជួលហ្វ្រេកង់ស៍វិទ្យុFM102 MHz ទៅឲ្យអ្នកដទៃធ្វើអាជីវកម្ម។
ក្រសួងព័ត៌មាន បានណែនាំថា ដើម្បីបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ ប្រសិនបើលោកស្រី ជា ស៊ុនដាណែត ចង់ជួលអាជ្ញាប័ណ្ណហ្វ្រេកង់ស៍វិទ្យុFM102 MHz បន្តទៀត ត្រូវបំពេញ សំណុំបែបបទ ស្នើសុំការអនុញ្ញាតពីក្រសួងព័ត៌មានជាមុនសិន ហើយក្រសួងព័ត៌មានទុកពេលឲ្យពីរសប្តាហ៍ ដើម្បីឲ្យលោកស្រីបំពេញសំណុំបែបបទស្នើសុំការអនុញ្ញាតជួលហ្វ្រេកង់ស៍ បើក្នុងករណីនៅតែបំពានលើសេចក្តីជូនដំណឹងនេះ ក្រសួងនឹងដកហូតប្រកាស ដែលអនុញ្ញាតឲ្យធ្វើអាជីវកម្មវិទ្យុស្ត្រី FM102 MHz នេះវិញជាស្ថាពរ និងចាត់វិធានការតាមនីតិវិធីច្បាប់តែម្តង៕ ដោយ៖បញ្ញាស័ក្តិ