ភ្នំពេញ ៖ នគរបាលអន្តោប្រវេសន៍ បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន២២នាក់ ពាក់ព័ន្ធគ្មានឯកសារត្រឹមត្រូវ និងស្នាក់នៅ ធ្វើការ នៅប្រទេសកម្ពុជាដោយខុសច្បាប់ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដែលស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅទីតាំងសិប្បកម្មឈើ-សិប្បកម្មផលិតកៅអីដែក ភូមិបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌច្បារអំពៅ សម្រមសម្រួលផ្លូវច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានចុះត្រួតពិនិត្យជនជនជាតិវៀតណាមដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅទីតាំងសិប្បកម្មឈើ-សិប្បកម្មផលិតកៅអីដែក ភូមិបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
លោកវរសេនីយ៍ទោ ជា ចិត្រា បានថ្លែងថា ក្នុងប្រតិបត្តិការខាងលើពិនិត្យឃើញមាន ជនជាតិវៀតណាម ចំនួន ២២នាក់ (ស្រី៧នាក់)ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ហើយត្រូវបានឃាត់ខ្លួនបញ្ជូន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕ ដោយ៖បញ្ញាស័ក្តិ