ដោយរងរបួសក្នុងការប្រតាយប្រតប់នៅក្លឹបរាត្រី ព្រឹកឡើងនារីម្នាក់ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលមុខរបួស ស្រាប់តែលោះព្រលឹងដោយហេតុថា វេជ្ជបណ្ឌិតដែលពិនិត្យព្យាបាលនាងគឺជាជនដែលបានវាយតប់នាងកាលពីយប់កន្លងមក។
តាម The Sun នាង Anastasia Dmitrieva ជនជាតិរុស្ស៊ី អាយុ ២០ឆ្នាំ បានត្រូវមនុស្សចម្លែកម្នាក់ វាយដំនៅក្នុងក្លឹបរាត្រី។ ស្អែកឡើងនាងក៏បានទៅកាន់មន្ទីរពេទ្យ Neryungri, ចំណុះតំបន់ Yakutia, រុស្ស៊ី ដើម្បីព្យាបាលស្នាមរបួស ប៉ុន្តែនាងពិតជាបានលោះព្រលឹង ដោយហេតុថា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យត្រូវព្យាបាលនាងគឺជាអ្នកដែលវាយដំនាងកាលពីពេលយប់។ ពុំត្រឹមតែប៉ុណ្ណេះ វេជ្ជបណ្ឌិតនេះ បានបន្តវាយនាងច្រើនដៃទៀត នៅក្នុងបន្ទប់ពិនិត្យជំងឺ។
ក្នុងខ្សែវីដេអូដែលត្រូវបានថតដោយគិលានុប្បដ្ឋានម្នាក់បានបង្ហាញឲ្យឃើញថា វេជ្ជបណ្ឌិតរូបនេះ បានប្រើដៃទះខ្លាំងៗទៅលើ Anastasia រួចនិយាយថា ៖ “មានសាក្សីជាច្រើនអាចបញ្ជាក់ថា នាងបានវាយដំខ្ញុំមុន” ទន្ទឹមនោះវេជ្ជបណ្ឌិតរូបនេះនៅបានគំរាមកំហែងថា ប្រសិនបើហ៊ានប្តឹងខ្លួន នោះនាងនឹងជាប់គុក។
ចន្លោះពេលនោះមានគិលានុប្បដ្ឋាយិកាវ័យកណ្តាលម្នាក់បានមានវត្តមាន ហើយប្រឹងឈរបាំងពីមុខកាមេរ៉ា តែត្រូវបរាជ័យ។
វេជ្ជបណ្ឌិតរូបនេះបានត្រូវបណ្តេញចេញភ្លាម ក្រោយពីហេតុការណ៍មេដឹកនាំមន្ទីរពេទ្យប្តឹង។
វេជ្ជបណ្ឌិតខាងលើ ឈ្មោះ Vladimir Naumov, ត្រូវបានមន្ទីរពេទ្យបណ្តេញចេញ ក្រោយទង្វើហិង្សាលើអ្នកជំងឺ។ បុរសរូបនេះ បានសារភាពថា ខ្លួនបានធ្វើទង្វើបែបនេះព្រោះតែខឹងពេលឃើញស្ត្រីរូបនេះ ដោយហេតុថា កាលពីយប់មុន ពេលនៅក្លឹបរាត្រី ខ្លួនលោកបានការពារស្ត្រីម្នាក់ដែលរងការវាយលុក របស់ក្មេងស្រីមួយក្រុម ក្នុងនោះមាន Anastasia ។
“ខ្ញុំបានត្រូវបណ្តេញចេញពីការងារដោយសារឃ្លីបវីដេអូនេះ។ ខ្ញុំបានធ្វើការនៅទីនេះ ១ឆ្នាំកន្លះហើយ។ ក្នុងអំឡុងពេលនោះ ខ្ញុំបានសង្គ្រោះមនុស្សជាច្រើន តែអ្វីៗទាំងនោះ បានត្រូវបំផ្លាញចោល ព្រោះតែខ្សែវីដេអូនេះ”។
ថ្នាក់ដឹកនាំមន្ទីរពេទ្យពុំត្រឹមតែដាក់ទណ្ឌកម្មលើវេជ្ជបណ្ឌិតរូបនោះទេ សូម្បីប្រធានផ្នែក Vladimir ក៏កំពុងរងការស៊ើបអង្កេត ព្រោះតែជ្រើសរើសយកមនុស្សម្នាក់ដែលមានកិរិយាមាទពុំស័ក្តិសមមកធ្វើការក្នុងមន្ទីរពេទ្យ៕ លីសា