ភ្នំពេញ-ផលិតកម្ម C2GO បានសម្រេចដាក់សម្ពោធរឿងដំបូងរបស់ខ្លួន រឿង “ខ្មោចស៊ីឈ្នួល” ហើយកាលពីល្ងាចថ្ងៃទី១៧ មករា ២០១៧ នៅរោងកុន Major Cineplex by Smart ក្នុងផ្សារសុរិយា រាជធានីភ្នំពេញ។ ដែលមានតារាសម្តែង ប្រុស-ស្រី ក្មេងចាស់ជាច្រើនដួងចូលរួមផងដែរ។
ប៉ុន្តែអ្វីដែលគេកត់សម្គាល់ឃើញនោះ គឺផលិតកម្មមួយនេះ បែជាប្រកាសថា នឹងយកប្រាក់ចំណូលពីការបញ្ចាំងកុន ទៅតម្កល់ទុកនៅក្នុងអង្គការខ្ញុំខ្មែរ ដើម្បីទុកប្រើប្រាស់សម្រាប់ជួយដល់ជនក្រីក្រ។
ខ្សែរឿងថ្មីមួយនេះ ត្រូវបានខាងផលិតកម្ម C2GO ដែលក្នុងនោះក៏មានអង្គការខ្ញុំខ្មែរ ជាអ្នកសម្រិតសម្រាំងចូលហ៊ុនគ្នាជាចំណែកៗ ដើម្បីឲ្យសាច់រឿងកាន់តែពិសេស មានគុណភាព និងទាក់ទាញ។ ”ខ្មោចស៊ីឈ្នួល” ដែលភ័យខ្លាចល្អមើលល្អសើច មានតារាប្រមាណជិត១០០នាក់ មកថតរូបជុំគ្នា និងទស្សនាស្នាដៃថ្មីមួយនេះ។
លោក អេថិន ជានិច្ច និយាយថា ក្រោយការដាក់បញ្ចាំងនៅកម្ពុជា ភាពយន្តរឿង “ខ្មោចស៊ីឈ្នួល” នឹងយកទៅបញ្ចាំងនៅអូស្ត្រាលីដែលជាទីស្នាក់ការរបស់អង្គការ នៅកូរ៉េ និងនៅថៃជាដើម ដែលអង្គការធ្លាប់មានទំនាក់ទំនងធ្វើការប្រគុំតន្ត្រីសប្បុរសធម៌នៅទីនោះរួចទៅហើយ៕ ដោយ-គីម ស្រីរ័ត្ន