Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ចូលរួមអបអរសាទរ «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់កំណើនកាន់តែប្រសើរ Better MSMEs Ecosystem for Better Growth»។ មហាសន្និបាតអង្គការសហប្រជាជាតិ បានបង្កើតទិវា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs Day) ដោយកំណត់យកថ្ងៃទី២៧ នៃខែមិថុនា ជារៀង រាល់ឆ្នាំ ដើម្បីរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ និងធានាបាននូវ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថានប្រកបដោយបរិយាបន្ន និងនិរន្តភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ លេខ១៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កំណត់យកថ្ងៃទី២៧ ខែមិថុនា រៀងរាល់ឆ្នាំ ជា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើក កម្ពស់និងផ្តល់តម្លៃដល់វិស័យនេះ ដែលជាមូលដ្ឋានគ្រឹះនិងកម្លាំងចលកររុញច្រានកំណើនសេដ្ឋកិច្ចនិង ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ វិស័យនេះគ្របដណ្តប់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ និងផ្តល់នូវអត្ថ ប្រយោជន៍ជូនប្រជាជននិងធុរជនគ្រប់រូបតាមរយៈការបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយ ចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។

រាជរដ្ឋាភិបាលកម្ពុជានាអាណត្តិកន្លងមក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រនិងវិធានការ គាំទ្រនានា ដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាសក្ខីភាពបញ្ជាក់ឱ្យឃើញអំពី ការផ្តោតការយកចិត្តទុកដាក់ និងផ្តល់នូវសារៈសំខាន់ចំពោះវិស័យនេះ។ ទោះបីបាននិងកំពុងប្រឈមក្នុង បរិការណ៍នៃការប្រកួតប្រជែងនៃការធ្វើពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌតំបន់និងសកល ក៏ដូចជាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់ បាននិង កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត ការផ្គត់ផ្គង់ និងការផ្តល់សេវា ហើយកំពុងខិតខំអភិវឌ្ឍនិងវិវត្តខ្លួន ឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ ជាពិសេសគឺរបត់នៃការប្រែប្រួលផ្នែកលក្ខខណ្ឌតម្រូវរបស់ទីផ្សារ លក្ខខណ្ឌ តម្រូវផ្នែកបរិស្ថាន និងការវិវត្តនៃបច្ចេកវិទ្យា។

បច្ចុប្បន្ននេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០% លើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុប ផ្តល់ការងារពី ៦០% ទៅ៧០% និងរួមចំណែក ៥០% នៃផលិតផលក្នុងស្រុកសរុបនៅ ទូទាំងពិភពលោក។ នៅក្នុងក្របខ័ណ្ឌអាស៊ាន មានចំនួនសហគ្រាសសរុបប្រមាណ ៧០លានមូលដ្ឋាន (ចន្លោះពី ៩៧.២% ទៅ ៩៩.៩%) និងរួមចំណែកក្នុងរង្វង់ ៤៤.៨% នៃផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសជាសមាជិកអាស៊ាន។ យោងតាមរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២,៩៨០,៥៦៩ នាក់ ក្នុងនោះស្ត្រីមាន ១,៨៤១,៣៦២ នាក់។ លទ្ធផលជំរឿនបានបង្ហាញថា វិស័យ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣% និងផ្តល់ការងារលើសពី៧០% (ដោយមិន រាប់បញ្ចូលវិស័យកសិកម្ម)។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានឆន្ទៈនិងការប្តេជ្ញាមោះមុតក្នុងការបន្តអនុវត្តគោល នយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានដាក់ចេញ នូវយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងគោលបំណងលើកកម្ពស់ គាំពារ និងពង្រឹង សមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុង សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃ ការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។

ការបន្តកសាងនិងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកិច្ចការអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំពុះពារ និងសូមលើកទឹកចិត្តឱ្យគ្រប់សហគ្រាសនិងតួអង្គពាក់ព័ន្ធ ទាំងអស់ចូលរួមគាំទ្របេសកកម្មដ៏ពិសិដ្ឋនេះ។ ប្រព័ន្ធអេកូឡូស៊ីដែលមានភាពប្រទាក់ក្រឡាគ្នា គាំទ្រគ្នា ទៅវិញទៅមកប្រកបដោយសហថាមពល នឹងបង្កើតនូវទំនុកចិត្តនិងភាពទាក់ទាញដល់ការបង្កើននិង ការពង្រីកវិនិយោគបន្ថែម។ សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច តទៅអនាគត។ ហេតុដូចនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងពង្រីកការវិនិយោគសាធារណៈបន្ថែម លើហេដ្ឋារចនា សម្ព័ន្ធរូបវន្តចាំបាច់នានាដែលបម្រើដល់ការអភិវឌ្ឍនៃវិស័យ ក៏ដូចជាពង្រឹងយន្តការស្ថាប័ននិងការផ្តល់ សេវាសាធារណៈគ្រប់ប្រភេទប្រកបដោយនវានុវត្តន៍។ ក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុង បន្តខិតខំបង្កើនសមត្ថភាព និងកែលម្អសេវាសាធារណៈរបស់ខ្លួនឱ្យកាន់តែងាយស្រួល រហ័ស និងមាន ប្រសិទ្ធភាព ហើយត្រូវបន្តធ្វើយ៉ាងណាឱ្យការផ្តល់សេវា ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ធុរកិច្ច និង រួមចំណែកបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងឆាកតំបន់ និងអន្តរជាតិ។ ជាការពិត វិស័យឯកជន មានតួនាទីគន្លឹះក្នុងការទ្រទ្រង់និងពង្រឹងប្រព័ន្ធអេកូឡូស៊ី។ រាជរដ្ឋាភិបាលសូមជំរុញនិងលើកទឹកចិត្ត ឱ្យវិស័យឯកជនបន្តរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាព វិនិយោគលើការពង្រឹងស្តង់ដារ និងគុណភាពនៃផលិតផល និងសេវាកម្មរបស់ខ្លួន បង្កើនផលិតភាពតាមរយៈការបន្តបណ្តុះបណ្តាលបុគ្គលិកនិយោជិតនិងផ្តល់នូវរបបសន្តិសុខសង្គម ក៏ដូចជាការចាប់យកបច្ចេកវិទ្យានិងទំនើបកម្មខ្សែច្រវាក់ ផលិតកម្ម សេវាកម្មរបស់ខ្លួន។ អនុលោមភាពនៃច្បាប់និងបទដ្ឋានគតិយុត្ត និងការកាន់បញ្ជីកាគណនេយ្យ គួរត្រូវបានលើកតម្កើងនិងចាត់ទុកជាការវិនិយោគដែលនឹងទទួលផលត្រលប់មកវិញ ចៀសជាងជាបន្ទុក នៃការធ្វើធុរកិច្ច។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះជាច្រើនរួមទាំងការអនុគ្រោះ ផ្នែកពន្ធដារ ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់ការបំពេញអនុលោមភាព ក្នុងគោលបំណងតែមួយគត់ គឺ ដើម្បីសហគ្រាសទាំងអស់មានលទ្ធភាពក្នុងការឈានទៅទទួលបាននូវការទទួលស្គាល់ មានទីផ្សារដែលមាននិរន្តរភាព និងទទួលបានការគាំទ្រហិរញ្ញប្បទាននិងសេវាហិរញ្ញវត្ថុនានាសម្រាប់ការពង្រីកសក្តានុពល របស់ខ្លួន។ កម្មវិធីអភិវឌ្ឍជំនាញ ក៏ជាអាទិភាពគន្លឹះមួយផងដែរ។

ការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមនេះ បានបង្ហាញពីសមិទ្ធផលដ៏ធំធេងរបស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមក ប្រកបដោយស័ក្តិសិទ្ធភាព និងបរិយាបន្ន។ រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា សហគ្រាសទាំងអស់នឹងបន្ត ជះឥទ្ធិពលជាវិជ្ជមានបន្ថែមទៀតទៅថ្ងៃអនាគត និងសូមឱ្យប្រធានបទនៃទិវាជាតិលើកទី១នេះ ក្លាយជា ថាមពលនិងកម្លាំងចិត្តដ៏ខ្លាំងក្លា សម្រាប់រុញច្រានកិច្ចសហការ ការគាំទ្ររវាងគ្នា និងការជួយជ្រោមជ្រែង គ្នាទៅវិញទៅមករវាងតួអង្គទាំងអស់នៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ ក្នុងនាមរាជរដ្ឋាភិបាល និងថ្នាក់ ដឹកនាំនៃក្រសួងស្ថាប័នទាំងអស់ ខ្ញុំសូមគាំទ្រនូវសកម្មភាពនិងវិធានការទាំងឡាយណា ដែលនឹងពូនជ្រំ និងជ្រោមជ្រែងឱ្យវិស័យនេះឱ្យកាន់តែរីកចម្រើន ដើម្បីវិបុលភាពនៃប្រជាពលរដ្ឋយើងគ្រប់ៗរូប។

ជាទីបញ្ចប់ សម្តេចធិបតី ហ៊ុន ម៉ាណែត សូមអំពាវនាវឱ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការគាំទ្រដល់ការដឹកនាំនិងសម្របសម្រួលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញវិស័យនេះឱ្យក្លាយទៅជាខឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ សម្តេច សូមជូនពរ ឱ្យទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធ អេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់កំណើនកាន់តែប្រសើវ Better MSMEs Ecosystem for Better Growth» នេះ ប្រព្រឹត្តទៅប្រកបដោយរលូននិងជោគជ័យ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

 

​​


spot_img
×