បាត់ដំបង ៖ សត្វដំរីព្រៃមួយក្បាលដែលឆ្លងដែនពីថៃ ចូលមកកម្ពុជាជាច្រើនថ្ងៃមកហើយនោះ បានជាន់ស្ត្រីម្នាក់ដែលជាកម្មករស៊ីឈ្នួលដកដំឡូង បានរងរបួសយ៉ាងធ្ងន់ធ្ងររហូតបាក់ឆ្អឹងជំនីរខាងឆ្វេងចំនួន១០ ខណៈដែលស្ត្រីរូបនេះ កំពុងសម្រាកយ៉ាងលង់លក់នៅក្នុងរោងកណ្តាលចំការទាំងកម្រោល ធ្វើអោយមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូលយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភ្នំណាំសាប ស្ថិតនៅក្នុងភូមិ ដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
គួររំលឹកដែរថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩យប់ គឺមានការភ្ញាក់ផ្អើលមួយនៅត្រង់ចំណុចភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយសារតែមានសត្វដំរីព្រៃមួយក្បាល បានលុកលុយចូលមកក្នុងភូមិ រហូតធ្វើអោយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះមានការភ័យខ្លាច ដោយបាននាំគ្នាបំពក់ភ្នក់ភ្លើងដើម្បីបង្ការ និងការពារមិនអោយសត្វដំរីព្រៃនេះ ចូលមកក្បែមនុស្សបាន ។
ដោយឡែកភាគីថៃបានអះអាងថា សត្វដំរីព្រៃមួយក្បាលនេះ បានរត់ចេញពីព្រៃ ក្នុងតំបន់អភិរក្សសត្វព្រៃ អាងឬណៃ ស្ថិតក្នុងខេត្តឆៈឈើងសៅ ហើយបានរត់មកឆ្លងដែនចូលទៅក្នុងទឹកដីនៃប្រទេសកម្ពុជា ត្រង់ចំណុចភូមិ៧ ឃុំបានថាប់ភ្រិក ស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ បើទោះបីជាប្រជាពលរដ្ឋ និងអាជ្ញាធរថៃ បានយកត្រាក់ទ័រប្រមាណជាង១០គ្រឿង ទៅដាក់ពង្រាយដើម្បីការពារកុំអោយសត្វដំរីនេះឆ្លងដែនបានយ៉ាងណាក៏ដោយ ។
យោងតាមសេចក្តីរាយការណ៍ពីប្រភពដែលនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ បានអោយដឹងថា ក្រោយមកសត្វដំរីនេះគឺមិនព្រមវិលចូលទៅក្នុងទឹកដីថៃវិញឡើយ ដោយវាបានដើរវិលវល់តាមស្រុកមួយចំនួនដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែន រហូតដល់យប់មិញនេះក៏មានការដេញជាន់មនុស្សតែម្តង ដោយសារតែសត្វដំរីព្រៃមួយក្បាលនេះ ទំនងជាកំពុងចុះប្រេងទៅហើយ ដោយបានជាន់ទៅលើស្ត្រីម្នាក់ឈ្មោះ ចក់ គឹមហៃ អាយុ៣២ឆ្នាំរបរកម្មករជាកម្មករ ស្នាក់នៅស៊ីឈ្នួលកាប់ដំឡូងត្រង់ចំណុចកើតហេតុខាងលើបណ្តាលឲ្យរងរបួសត្រង់ស្មាបោះដៃផុត ប៉ុន្តែក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ព្រមទាំងបានឆ្លុះមើល គឺក្រុមគ្រូពេទ្យបានអះអាងថា ស្ត្រីរូបនេះត្រូវបានបាក់ឆ្អឹងជំនីខាងឆ្វេង ចំនួន១០ឆ្អឹង។
លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹក បានលើកឡើងថា បញ្ហានេះលោកបានរាយការទៅអង្គភាពជំនាញហើយ ដើម្បីចុះពិនិត្យ ឬក៏អាចប្រើប្រាស់កាំភ្លើងសម្រាប់បាញ់អោយសន្លប់ ដែលជាកិច្ចការរបស់អង្គភាពជំនាញ ។ ចំណែកមន្ត្រីរបស់លោកនៅចាំឃ្លាំមើលជាប់ជាប្រចាំ ក្រែងលោមានបញ្ហាណាមួយដែលបង្កឡើងដោយសារសត្វដំរីនេះទៀត ដែលរហូតមកទល់នឹងព្រឹកដែលដដែល សត្វដំរីព្រៃមួយក្បាលនេះ កំពុងស្ថិតនៅច្រមុះភ្នំណាំសាបនៅឡើយទេ ៕ ដោយ៖បញ្ញាស័ក្តិ