ភ្នំពេញ ៖អាជ្ញាធររាជធានី និងអាជ្ញាធរខណ្ឌច្បារអំពៅ រួមជាមួយក្រុមគ្រូពេទ្យ នៃក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យជំនាញ មកពីប្រទេសចិន ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ បានចុះផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីការឆ្លង និងវិធីបង្កាទប់ស្កាត់មេរោគ Covid 19 នៅក្នុងមូលដ្ឋានខណ្ឌ ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋខ្មែរឥស្លាម ទើបតែត្រឡប់ពីប្រទេសម៉ាឡេស៊ី ។
តាមគោលការណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានី លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរឥស្លាម បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ។
គោលដៅចំបងក្នុងការងារនេះ គឺបញ្ជ្រាបការយល់ដឹងអំពីការឆ្លង និងវិធីបង្ការទប់ស្កាត់មេរោគជំងឺឆ្លង Covid 19 និងវិធីការពារសុខភាពក្នុងការរស់នៅប្រចាំថ្ងៃ ត្រូវមានអនាម័យដោយលាងដៃនឹងស្អាតជាមួយសាប៊ូជាប្រចាំ ។ ក្នុងនោះរដ្ឋបាលខណ្ឌ ក៏បានប្រើប្រាស់ឧបករណ៍ឧឃោសនសព្ទ និងបិទខិតប័ណ្ណផ្សព្វផ្សាយ ស្ដីពីវិធីបង្ការនៅតាមភូមិ និងផ្សព្វផ្សាយ ពីវីធីបង្ការ ការពារ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមភូមិសាស្ត្រសង្កាត់ទាំង៨ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ដោយ៖កូឡាប