ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានដាក់ដាក់បទបញ្ជា ឲ្យអភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ នៅទូទាំងរាជធានីភ្នំពេញ ធ្វើសកម្មភាព ដោយចុះបិទបៀរហ្គាឌិននានា ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល មេរោគកូវីដ ១៩ (COVID-19) ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាល មិនថានៅលើពិភពលោក និងប្រទេសកម្ពុជា ដែលបានបង្កឲ្យមានការព្រួយបារម្ភ ពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងនោះ។
ការដាក់បទបញ្ជាបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០ គឺ ក្រោយពីក្រសួងទេសចរណ៍ បានធ្វើសំណើទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឲ្យសម្តេចតេជោហ៊ុន សែន បិទបៀរហ្គាឌិននេះ ជាបណ្តោះអាសន្នបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យមានការបិទខារ៉ាអូខេ ក្លឹបកម្សាន្តទាំងអស់ ទូទាំងប្រទេសហើយនោះ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ឲ្យដឹងថា ការបិទទីតាំងបៀរហ្គាឌិន ខារ៉ាអូខេ ទីកន្លែងសប្បាយសុខភាព និងក្លឹបកម្សាន្តនានា ដែលមានការប្រមូលផ្ដុំប៉ុណ្ណោះ ។ ដោយឡែកសម្រាប់ទីតាំងផ្សារលក់ដូរ គ្រប់ប្រភេទ គឺនៅរក្សាដដែល ដោយបងប្អូនប្រជាពលរដ្ឋ បន្តជីវកម្មលក់ដូរជាធម្មតា ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាដើម្បីទប់ស្កាត់ និងបង្ការ ឱ្យបាននូវការឆ្លងរាលដាល នៃមេរោគកូវីដ ១៩ (COVID-19) ។
សូមបញ្ជាក់ថា ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល មេរោគកូវីដ ១៩ (COVID-19)នេះដែរ តបតាមបទបញ្ជាពី រាជរដ្ឋាភិបាលកម្ពុជា អភិបាលរាជធានី-ខេត្តទាំង២៥ បានចាប់ផ្តើមរើសយកសណ្ឋាគារ និងសាលារៀន ព្រមទាំងមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន សម្រាប់ធ្វើជាកន្លែងព្យាបាលជំងឺកូវីដ១៩នេះ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះ ក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរឥស្លាម៤នាក់៕ដោយ៖កូឡាប