ខេត្តស្វាយរៀងៈ លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសមាជិក សមាជិកា កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានផ្តល់សណ្ឋាគារមួយកន្លែង ស្ថិតនៅក្នុងទីក្រុងបាវិត ឈ្មោះថា “អ៊ឹម ម៉ីហៀង” មានចំនួន៥២បន្ទប់ ជូនរដ្ឋបាលខេត្តស្វាយរៀង ចាត់ចែងឲ្យរដ្ឋបាលក្រុងបាវិត រៀបចំនិងប្រើប្រាស់ជាទីកន្លែង រក្សាទុកប្រជាជនចិន ចំនួនប្រមាណ ១៧២ នាក់ ស្នាក់នៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អាជ្ញាធរសុខាភិបាលពិនិត្យ តាមដាន ស្វែងរក និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ (COVID-19)។
លោកបានមានប្រសាសន៍ឱ្យដឹងថា ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល និជំងឺកូវីដ១៩(COVID-19) ដែលកំពុងតែបង្កហានិភ័យ មកលើសុខភាពនិងជីវិតប្រជាជនកម្ពុជាជាក់ស្តែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា “ស្ថានការនេះ គឺជាការធ្វើសង្គ្រាមប្រយុទ្ធប្រឆាំង នឹងសត្រូវឥតស្រមោល” ដើម្បីចូលរួមនឹងរាជរដ្ឋាភិបាលកម្ពុជា លោកប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង រួមនិងសមាជិក សមាជិកា ក៏បានផ្តល់សណ្ឋាគារមួយកន្លែង ស្ថិតនៅក្នុងទីក្រុងបាវិត ជូនរដ្ឋបាលខេត្តស្វាយរៀង ចាត់ចែងឲ្យរដ្ឋបាលក្រុងបាវិត រៀបចំ និងប្រើប្រាស់ ជាទីកន្លែងរក្សាទុកប្រជាជនចិន ចំនួនប្រមាណ ១៧២ នាក់ ស្នាក់នៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ។
សូមបញ្ជាក់ផងដែរថា ជនជាតិចិនចំនួន១៧៤នាក់ ក្នុងនោះស្រីចំនួន៣៧នាក់ ដែលបានធ្វើដំណើរតាមរថយន្តក្រុង មកចុះនៅចំណុចខាងមុខសណ្ឋាគារ និងកាស៊ីណូជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិត កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅក្រុងបាវិត ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់មហាជន ហើយក្រុមសមត្ថកិច្ច នៃអធិការដ្ឋាននគបាលក្រុងបាវិត បានសហការជាមួយកងរាជអាវុធហត្ថក្រុងបាវិត និងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត អាជ្ញាធរក្រុងបាវិត បានធ្វើការឃាត់ខ្លួន និងអញ្ជើញជនជាតិចិនទាំងអស់នោះ មកដាក់នៅអគាររបស់កងរាជអាវុធហត្ថក្រុងបាវិត ដើម្បីគ្រប់គ្រងនិងធ្វើចត្តាឡីស័ក។
ទាក់ទិនករណីខាងលើនេះ លោកលឹម សៀងហេង អភិបាលក្រុងបាវិត បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅយប់ថ្ងៃ២៤ ខែមីនា ឆ្នាំ២០២០ មានជនជាតិចិនចំនួន១៧៤នាក់ បានធ្វើដំណើរពីទិសខាងលិច តាមផ្លូវជាតិលេខ១ មកចុះនៅមុខសណ្ឋាគារនិងកាស៊ីណូ ក្នុងក្រុងបាវិត ហើយគោលបំណងចូលស្នាក់នៅ ក្នុងសណ្ឋាគារនិងតាមកាស៊ីណូ ក៏ប៉ុន្តែម្ចាស់សណ្ឋាគារនិងកាស៊ីណូ មិនអនុញ្ញាត ហើយបានរាយការណ៍មកជូនអាជ្ញាធរ និងសមត្ថកិច្ច ទើបលោកសហការជាមួយនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តនិងនគរបាលអន្តោប្រវេសន្ត៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត នគរបាលក្រុងបាវិត និងកងរាជអាវុធហត្ថក្រុងនិងខេត្ត បានចុះទៅឃាត់និងបញ្ជូនជនជាតិចិនទាំងនោះ មកដាក់ឲ្យស្នាក់នៅក្នុងសាលាក្រុងបាវិត នៅអធិការដ្ឋាននគបាលក្រុងបាវិត និងអគារកងរាជអាវុធហត្ថក្រុងបាវិត ដើម្បីគ្រប់គ្រងនិងសាកសួរ។
ដោយឡែកនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយនគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិ សាកសួរនិងឲ្យមន្ត្រីសុខាភិបាល ពិនិត្យនិងបានធ្វើចត្តាឡីស័ក រហូតដល់ម៉ោង១១ព្រឹកនេះ ពុំទាន់រកឃើញមានមុខសញ្ញាគួរឲ្យសង្ស័យ ករណីវីរុសកូវីដ១៩ទេ គឺមានតែមនុស្ស២នាក់ប៉ុណ្ណោះ គឺមានកម្តៅលើសពីធម្មតា ដោយម្នាក់មានកំដៅ៣៧ និងម្នាក់ទៀត មានកម្តៅ៣៧,៧ ហើយក្រុមគ្រូពេទ្យ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ អំពីបញ្ហាសុខភាពរបស់ពួកគាត់ ដោយបានដាក់ឱ្យនៅដាច់ដោយឡែក ពីអ្នកផ្សេង ដោយរង់ចាំយកសំណាកអ្នកទាំងពីរនាក់នោះ ទៅពិនិត្យទើបដឹងការពិត៕ដោយ៖ វ៉ៃកូ