ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅយប់ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០២០ វេលាម៉ោង ២២និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ១ លើក រវាងរថយន្តធំ និងរថយន្តតូចពីរគ្រឿងទៀត បុកបញ្ច្រាសទិសគ្នា (ពីកើតទៅលិច) លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩-២០ ស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រអំបិល បណ្តាលឲ្យស្លាប់ ២ នាក់។
នគរបាលខេត្តកោះកុង បានបញ្ជាក់បន្ថែមថា មូលហេតុនៃគ្រោះថ្នាក់នេះមកពី រថយន្តធំ បើកបរក្នុងស្ថានភាពល្បឿនលឿន បុកក្របី រេចង្កូត មកបុករថយន្ត ២ គ្រឿងទៀត ។
ជនរងគ្រោះមានឈ្មោះ ៖ ១.ឈ្មោះ គី ភ្លីសុខគ្រី ភេទប្រុស ២.គី ភ្លីតុហាំមីសាស់ ភេទប្រុស។ ចំពោះ វត្ថុតាងរថយន្តទាំង ៣ គ្រឿង យកមករក្សាទុកនៅ អធិការដ្ឋានស្រុកស្រែអំបិល ដើម្បីរង់ចាំធ្វើការដោះស្រាយ៕ដោយ៖បញ្ញាស័ក្តិ