ភ្នំពេញ៖ ម្ចាស់ហាងផ្កាស្រស់ឈ្មោះស្រីអូន មិនចូលរួមអនុវត្តផែនការសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ហើយបែរមកជេរប្រមាថមន្ត្រីអាជ្ញាធរថែមទៀតផង។ កន្លងមកគេឃើញប្រជាពលរដ្ឋ និងអ្នករកស៊ីមួយខណ្ឌច្បារអំពៅ បានសហការនិងអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌ យ៉ាងសស្រាក់សស្រាំ ដើម្បីលើកកម្ពស់អនាម័យ សណ្តាប់ធ្នាប់ និងសោភ័ណរាជធានី។
ការចូលរួមសហការណ៍របស់ប្រជាពលរដ្ឋគឺជាចំណែកមួយយ៉ាងសំខាន់បំផុតដើម្បីធ្វើអោយប្រទេសជាតិកាន់តែមានសោភណ្ឌភាព និង របៀបរៀបរយល្អប្រជាពលរដ្ឋតែងតែលើកឡើងអំពីសោភណ្ឌភាពនៅបរទេសមកនិយាយ ប៉ុន្តែខ្លួនផ្ទាល់វិញ ថាតើធ្លាប់បានធ្វើអ្វីខ្លះសម្រាប់ខ្លួនឯង សង្គមជាតិ និងប្រទេសជាតិ សម្រាប់អនាម័យទីក្រុង ?
ជាក់ស្ដែងគេបានមើលឃើញថា កន្លងមកអាជ្ញាធរខណ្ឌច្បារអំពៅបានចុះរៀបចំសណ្តាប់ គឺដើម្បីទីក្រុងយើង មូលដ្ឋានយើង មានសោភ័ណភាព ប្រកបដោយសណ្តាប់ធ្នាប់ និងអនាម័យល្អ ទាំងអស់នេះសុទ្ធតែជាប្រយោជន៍របស់ប្រជាពលរដ្ឋ។
ទោះបីជាកន្លងមក មានម្ចាស់ហាង ឬក្រុមហ៊ុន និងអ្នករកស៊ីជាច្រើន គេបានសហការល្អ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមរៀបចំសណ្ដាប់ធ្នាប់ ប៉ុន្តែបើរងាកមកនិយាយពីម្ចាស់ហាងផ្កាស្រស់ឈ្មោះ ស្រីអូន គឺបានបំពានម្តងហើយ ម្តងទៀត លើកិច្ចសន្យាជាមួយអាជ្ញាធរមូលដ្ឋាន ហើយលើកនេះ ថែមទាំងបំពានដោយបានជេរប្រមាថ មកលើអាជ្ញាធរថែមទៀត តើគួរចាត់វិធានការណ៍ដូម្តេច ចំពោះម្ចាស់ហាងមួយនេះ បើគេផ្សេងទៀត បានអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរអស់ហើយ ពោលគឺនៅសល់តែម្ចាស់ហាងផ្កាមួយនេះ៕ដោយ៖ជាលី