ភ្នំពេញ៖ ក្រសួងការបរទេសបានប្រកាសរឹតបន្ដឹងបណ្ដោះអាសន្ន លើជនបរទេស បើចង់ចូលមកកម្ពុជា ត្រូវមានលិខិតបញ្ជាក់សុខភាព និងប្រាក់ធានារ៉ាប់រងចំនួន ៥ម៉ឺនដុល្លារ ដើម្បីទប់ស្កាត់ការរីករាលដាលនូវវីរុសកូវីដ១៩ ។
នៅក្នុងលិខិតប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ខែមីនាឆ្នាំ២០២០នេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះតទៅ ជនបរទេស ដែលមានបំណងចូលមកកម្ពុជា ត្រូវស្នើសុំទិដ្ឋាការជាមុន នៅតាមស្ថានតំណាងកម្ពុជានៅបរទេស។
ជនបរទេសនោះត្រូវផ្តល់នូវវិញ្ញាបនបត្រ ដែលចេញដោយអាជ្ញាធរសមត្ថកិច្ច ផ្នែកសុខភាពរបស់ប្រទេសសាមីខ្លួន បញ្ជាក់ថា ខ្លួនមិនមានវីរុសកូរ៉ូណា ឬកូវីដ១៩។
បន្ថែមលើសពីនេះ ជនបរទេស ត្រូវមានឯកសារធានារ៉ាប់សុខភាព ក្នុងចំនួនទឹកប្រាក់ ៥ម៉ឺនដុល្លារ ពេលកំពុងស្នាក់នៅកម្ពុជា។
ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការចម្លងនៃវីរុសកូរ៉ូណា (កូវីដ-១៩) និងស្របតាមវិធានការនានា របស់បណ្តាប្រទេសអាស៊ាន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់វិធានការរឹតបន្តឹង ជាបណ្តោះអាសន្ន ការចូលក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើវិធានការរបស់ក្រសួងសុខភិបាលកម្ពុជា ដោយចាប់ផ្តើម អនុវត្តពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២៣និង៥៩ ដូចខាងក្រោម៖
១- ផ្អាកគោលការណ៍លើកលែងទិដ្ឋាការ និងការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិច ត្រូនិច(e-Visa) និងទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) ជូនជនបរទេសទាំងអស់ ក្នុងរយៈពេលមួយខែ។
២- ជនបរទេសដែលមានបំណងធ្វើដំណើរ ចូលមកព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំទិដ្ឋាការ ជាមុន នៅតាមស្ថានតំណាងកម្ពុជានៅបរទេស។ ជនបរទេសនោះ ត្រូវផ្តល់នូវវិញ្ញាបនបត្រ បញ្ជាក់សុខភាព ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចផ្នែកសុខភាព នៃប្រទេសរបស់ សាមីខ្លួន ដែលមានសុពលភាពមិនលើសពី ៧២ម៉ោង មុនពេលធ្វើដំណើរ បញ្ជាក់ថាខ្លួន ពុំមានវីរុសកូរ៉ូណា(កូវីដ-១៩)ទេ។ បន្ថែមលើសពីនេះ ជនបរទេសត្រូវមានឯកសារធានា រ៉ាប់រង ដែលបញ្ជាក់ពីការរ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥០.០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។
៣- តម្រូវការវិញ្ញាបនបត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាព មិនត្រូវបានអនុវត្ត ចំពោះជនបរទេស ដែលកាន់ទិដ្ឋាការការទូត (ទិដ្ឋាការប្រភេទ A) ឬទិដ្ឋាការផ្លូវការ (ទិដ្ឋាការ ប្រភេទ B) របស់កម្ពុជា។
៤- នៅពេលចូលមកព្រះរាជាណាចក្រកម្ពុជា ជនបរទេសនឹងត្រូវត្រួតពិនិត្យហានិភ័យសុខភាព ដោយមន្ត្រីមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល មុននឹងអនុញ្ញាតឱ្យចូលក្នុងប្រទេស។ ជនបរទេសនោះ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ស្របតាមវិធានការចត្តាឡីស័ក ឬវិធានការ នានា ដែលបានកំណត់ដោយក្រសួងសុខាភិបាលកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់វីរុសនេះ ។
Ministry of Foreign Affairs and International Cooperation – MFA.IC។
៥- រាល់ការរឹតបន្តឹងក្នុងការធ្វើដំណើរខាងលើ គឺមានលក្ខណៈជាបណ្តោះអាសន្ន ហើយនឹងត្រូវ ពិនិត្យឡើងវិញជាប្រចាំ ដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើការវិវត្តន៍ នៃស្ថានភាពជា សកលពាក់ព័ន្ធនឹងវីរុសនេះ៕ដោយ៖កូឡាប