កណ្តាល៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានបង្ក្រាប មនុស្សមួយក្រុម ស្លៀកដណ្តប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ(ព្រះសង្ឃក្លែងក្លាយ) ដែលករណីនេះ កើតហេតុ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទី ចំណុចផ្ទះសំណាក់ម៉ាហេង ភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យចំនួន៧នាក់ ឃាត់ខ្លួន ១-ឈ្មោះទៀប សុខម៉ៅ អាយុ៣៥ឆ្នាំ មុខរបរមិនពិត នៅភូមិខ្នុរ ឃុំកំពង់សឹង ស្រុកបាភ្នំ ខេត្តព្រៃវែង។
២-ឈ្មោះសេះ ឌី អាយុ២៥ឆ្នាំ មុខរបរមិនពិត នៅភូមិវាលត្បាល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ៣-ឈ្មោះសន ឆឺត អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។ ៤-ឈ្មោះច្រឹប មាន អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពីឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។ ៥-ឈ្មោះហ៊ុន រុន អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។ ៦-ឈ្មោះសន ទីន អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។ ៧-ឈ្មោះឈៀង ឆវី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបរ នៅភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យក ទូរស័ព្ទចំនួន៣គ្រឿង រថយន្តម៉ាកកាមរី១គ្រឿង ពណ៌សំ បកឪឡឹក ស៊េរីឆ្នាំ95 ពាក់ផ្លាកលេខភ្នំពេញ 2E-7988។ បាត្រលោកចំនួន៥។ ឆ័ត្រចំនួន៤។ កូនកាំបិតចុងស្រួចចំនួន១។ កាបូបស្ពាយ (សាក់កាដូ)ចំនួន៧។
ស្បង់ចីវរចំនួន៦កំប្លេ។ ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន។
នគរបាល បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងជំនាញ បានទទួលព័ត៌មាន ពីមហាជនល្អថា នៅផ្ទះសំណាក់ខាងលើ មានមុខសញ្ញាគួរសង្ស័យ ទើបសហការជាមួយប៉ុស្តិ៍លំហាច ឆក់ឈើនាង ព្រៃពួច ដោយមានការចង្អុលបង្ហាញ
ពីលោកស្នងការ មានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមានការរួចពីរដ្ឋបាលសាលាស្រុក លោកមេឃុំលំហាច ចុះដល់ផ្ទះសំណាក់យីហោ (ម៉ាហេង) ត្រួតពិនិត្យរកឃើញជនសង្ស័យចំនួន៧នាក់ ដែលមានឈ្មោះខាងលើ។
តាមចម្លើយសារភាព របស់ជនសង្ស័យថា ខ្លួនបានស្គាល់គ្នា តាមឆាត ហើយបានណាត់ជួបគ្នា នៅកំបូលដោយជួយរថយន្តសម្រាប់ដឹកខ្លួន ស្លៀកស្បង់ចីវរ បន្លំជាព្រះសង្ឃ ដើរបិណ្ឌបាត្រ ក្នុង១នាក់យកតម្លៃ២០០០០រៀល
ហើយខ្លួនចាប់ផ្តើមដើរបិណ្ឌបាត្រ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ចាប់ផ្សារថ្នល់ទទឹងដល់កំបូល ហើយប្តូរខោអាវនៅលើរថយន្ត។
សូមបញ្ជាក់ជនសង្ស័យ ចេះប្រើសារធាតុញៀន ៣ខែមកហើយ។ ចំពោះករណីនេះ កម្លាំងជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី៕ដោយ៖កូឡាប