ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពខ្ពស់។ នេះបើតាមការផ្សព្វផ្សាយព័ត៌មាននៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោហ៊ុនសែននារសៀលថ្ងៃទី 29 ខែមីនាឆ្នាំ 2018។
សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថា ទន្ទឹមនឹងនេះដែរ សូមក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្ត្រីនៃសមាជិករាជរដ្ឋាភិបាល អជ្ញាធរ ក្រុមការងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ជាប្រចាំនៅតាមមូលដ្ឋានដោយនាំទៅជាមួយនូវម៉ាស ឬក្រមា, ទឹកអាកុល, ចឹលសម្លាប់មេរោគ (Hand Sanitizer) អង្ករ, មី, ត្រីខ ចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមមូលដ្ឋានទូទាំងប្រទេស។
ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា កុំចាំហៅពួកគាត់អោយមកចូលរួមប្រជុំ តែសូមទៅកាន់ទីកន្លែងដែលពួកគាត់រស់នៅតែម្តង ជាពិសេសក្នុងស្ថានភាពដែលយើងទាំងអស់គ្នាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នៅពេលនេះ។
ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ សូមបងប្អូនប្រជាពលរដ្ឋសហការជាមួយមន្ទីរសុខាភិបាល។ ក្នុងករណីមានការសង្ស័យ ហើយត្រូវការពិភាក្សាប្រឹក្សាយោបល់ សូមខលមកលេខ ១១៥ ជាបន្ទាន់៕ ដោយ៖កូឡាប