ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២០ នឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា កម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបលើផ្ទៃដី ជាមួយនឹងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះ ធ្វើឲ្យ ធាតុអាកាសមានលក្ខណៈ៖ នៅតាមបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានបី២៥ទៅ២៧អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៤ទៅ៣៧អង្សាសេ។ ចាប់ពីថ្ងៃទី២ដល់៦ខែមេសា បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យម ទៅបង្គួរ ចំណែកបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងតិច។ នៅបណ្តាខេត្តនៅខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាមានពី២៤ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣២ទៅ៣៤អង្សាសេ។ ចាប់ពីថ្ងៃទី៤ដល់៧ខែមេសា ផ្នែកមួយចំនួន នឹងអាចមានភ្លៀង នៅក្នុងកម្រិតពីខ្សោយទៅមធ្យម។ នៅតាមបណ្តាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី២៥ទៅ២៧អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣៣ទៅ៣៥អង្សាសេ។ ចាប់ពីថ្ងៃទី២ដល់៧ខែមេសា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះផ្នែកមួយចំនួននៃខេត្តកោះកុង នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ក្រសួងដដែល បានបន្តថា ស្ថានភាពអាកាសធាតុ សូមសាធារណជន សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្ទះ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតឡើងចាប់ពីថ្ងៃទី២ទៅ៦ខែមេសា៕ដោយ៖កូឡាប