Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​៖ ប្រទេស​ទាំងអស់ ត្រូវ​នាំគ្នា​ចាត់វិធានការ​ពេលនេះ ដើម្បី​បន្ធូរ​ផល​ប៉ះទង្គិច​របស់​កូ​វីដ​-១៩​ទៅលើ​សេដ្ឋកិច្ច​

spot_img

​ក្រុង​វ៉ាស៊ីនតោន​៖ វីរុស​ដែល​បានធ្វើឱ្យ​បណ្តាញ​ផ្គត់ផ្គង់​នៅ​ប្រទេស​ចិន​ត្រូវ​អាក់ខាន បាន​បង្ក​ផល​ប៉ះទង្គិច​ទូទាំង​សាកលលោក​ហើយ​នាពេលនេះ​។ បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​ដែល​កំពុង​ប្រឹង​ងើបឡើង​ពី​ភាព​តានតឹង​ពាណិជ្ជកម្ម និង​ប្រឹង​ពុះពារ​ជាមួយ​ការ​រាលដាល​របស់​វី​រូស​កូ​វីដ​-១៩ ពេលនេះ​ប្រឈម​ជាមួយ​ស្ថានភាព​មួយទៀត គឺ​លទ្ធភាព​ដែល​វិបត្តិ​ហិរញ្ញវត្ថុ​និង​ដំណើរ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ទូទាំង​សាកលលោក​។​
នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០​។​

​ធនាគារពិភពលោក បាន​ឲ្យ​ដឹងថា មកទល់ពេលនេះ ការប្រកាន់យក​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ​និង​បទ​ប្បញ្ញត្តិ​ហិរញ្ញវត្ថុ​បែប​មធ្យ័ត បាន​ជួយ​ប្រទេស​ភាគច្រើន​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការលៃលក​ជាមួយ​ស្ថានភាព​រំជើបរំជួល​ធម្ម​តា​។ តែ​បច្ចុប្បន្ននេះ យើង​កំពុងតែ​ប្រឈមមុខ​ទៅនឹង​ស្ថានភាព​អធម្ម​តា​មួយ ដែល​ព្រឹត្តិការណ៍​ច្រើន​គួប​គ្នា និង​ប្រទាក់ក្រឡា​គ្នា​បង្ក​ភាព​រង្គោះរង្គាយ​ដល់​សេដ្ឋកិច្ចពិភពលោក​។ ប្រទេស​ទាំងអស់​លើ​សាកលលោក​ទំនងជា​មិនអាច​គេចផុត​ពី​រង​ការលំបាក​ធំដុំ​ផ្នែក​សេដ្ឋកិច្ច​ឡើយ​។ ដូច្នេះ ប្រទេស​ទាំងអស់​ត្រូវតែ​នាំគ្នា​ចាត់វិធានការ​ពេលនេះ — រួមទាំង​ធ្វើការ​វិនិយោគ​ជាបន្ទាន់​ទៅលើ​សមត្ថភាព​នៃ​សេវា​សុខាភិបាល និង​វិធានការ​ថិ​វ​កា​តាម​គោលដៅ​អាទិភាព​ផង — ដើម្បី​បន្ធូរ​បាន​ខ្លះ​នូវ​ផល​ប៉ះទង្គិច​ភ្លាមៗ​ទៅលើ​សេដ្ឋកិច្ច​។ ធនាគារពិភពលោក បានផ្តល់​អនុសាសន៍​ដូច្នេះ នៅក្នុង​របាយការណ៍​ប​ច្ចុ​ប្បន្ន​ភាព​សេដ្ឋកិច្ច​សម្រាប់​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក ខែមេសា ឆ្នាំ​២០២០ ដែលមាន​ចំណងជើង​ថា “​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក ក្នុងសម័យ​កាល​កូ​វីដ​-១៩”​។​

​ស្ថិតនៅក្នុង​បរិយាកាស​មួយ​ដែលមាន​ការប្រែប្រួល​យ៉ាង​រហ័ស​បែបនេះ គេ​ពិបាក​នឹងធ្វើ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ឱ្យបាន​ជាក់លាក់​ណាស់​។ អាស្រ័យហេតុនេះ របាយការណ៍​សូម​បង្ហាញជូន​តែ​បន្ទាត់​គោល និង​សេណារីយោ​ករណី​ទាបៗ​តែប៉ុណ្ណោះ​។

​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​ត្រូវបាន​ប៉ាន់​ទុកជាមុន​ថា​នឹង​បន្ថយល្បឿន​មក​នៅត្រឹម ២,១​ភាគរយ នៅក្នុង​បន្ទាត់​គោល ហើយ​នៅក្នុង​សេណារីយោ​ទាប​វា​អាច​ធ្លាក់​អវិជ្ជមាន​មក​នៅត្រឹម ០,៥​ភាគរយ ក្នុង​ឆ្នាំ​២០២០ ប្រៀបធៀប​ទៅនឹង ៥,៨​ភាគរយ ដែល​បាន​ស្មាន​ទុក​ក្នុង​ឆ្នាំ​២០១៩​។ កំណើនសេដ្ឋកិច្ច​នៅ​ប្រទេស​ចិន ត្រូវបាន​ប៉ាន់​ទុក​ថា​នឹង​ស្រុត​ចុះមក​នៅ ២,៣​ភាគរយ នៅក្នុង​បន្ទាត់​គោល និង​មក​នៅត្រឹម ០,១​ភាគរយ​ក្នុង​សេណារីយោ​ទាប ក្នុង​ឆ្នាំ​២០២០​នេះ ប្រៀបធៀប​ទៅនឹង​កំណើន ៦,១​ភាគរយ​ដែលមាន​នៅក្នុង​ឆ្នាំ​២០១៩​។ ការ​រាំងខ្ទប់​កុំឱ្យ​វីរុស​នេះ​រាតត្បាត​តទៅទៀតបាន អាច​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់​ងើប​ឡើងវិញ​បន្តិច​ម្តង​បាន ទោះបីជា​ទៅមុខទៀត ភាព​តានតឹង​នៃ​ផ្សារ​ហិរញ្ញវត្ថុ​នៅមាន​ហានិភ័យ​ខ្ពស់ ក៏ដោយ​។​

​កម្លាំង​អង្រួន​របស់​វីរុស​កូ​វីដ​-១៩ នឹង​បង្ក​ផល​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ទៅលើ​ភាពក្រីក្រ​ផងដែរ​។

​របាយការណ៍​នេះ​បាន​ប៉ាន់ប្រមាណ​ថា នៅក្រោម​សេណារីយោ​បន្ទាត់​គោល​នៃ​កំណើន មាន​មនុស្ស​មិន​ដល់ ២៤​លាន​នាក់ ទេ​ដែល​នឹង​អាច​ឆ្លង​ផុត​ភាពក្រីក្រ​នៅ​ទូទាំង​តំបន់​ក្នុង​ឆ្នាំ​២០២០ (​ដោយ​ប្រើ​បន្ទាត់​ភាពក្រីក្រ​គិត​តម្លៃ​ទឹកប្រាក់ ៥,៥​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ​) ហើយ​ចំនួន​នេះ​នឹងមាន​ច្រើន​ទៅវិញ​ប្រសិនបើ​គ្មាន​ការ​រាតត្បាត​មេរោគ​កូ​វីដ​-១៩​។ ប្រសិនបើ​ស្ថានភាព​សេដ្ឋកិច្ច​បន្ត​ចុះ​ដុនដាប​ឈានចូល​ដល់​សេណារីយោ​ទាប ពេលនោះ​ភាពក្រីក្រ​នឹង​កើនឡើង ដោយមាន​មនុស្ស​ប្រហែល​១១​លាន​នាក់​នឹង​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ​វិញ​។ មុននេះ ការ​ព្យាករ​បាន​ប្រមើល​ឃើញថា នឹងមាន​មនុស្ស​ជិត ៣៥​លាន​នាក់ ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក អាច​ឆ្លង​ផុត​ភាពក្រីក្រ នៅក្នុង​ឆ្នាំ​២០២០ ក្នុងនោះ​មាន​ជាង ២៥​លាន​នាក់ នៅក្នុង​ប្រទេស​ចិន​។​

​លោកស្រី វិច​តូ​រី​យ៉ា ក្វា​ក្វា អនុប្រធាន​ធនាគារពិភពលោក​សម្រាប់​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វ៊ិ​ក មានប្រសាសន៍ថា​៖ “​មុននេះ​បន្តិច ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក កំពុងតែ​ប្រឹងប្រែង​រក​វិធី​សម្រាប់​លៃលក​ជាមួយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ និង​ផលវិបាក​ពី​ការ​សាយភាយ​វីរុស​កូ​វីដ​-១៩​នៅក្នុង​ប្រទេស​ចិន រួចទៅហើយ តែ​ឥឡូវ​ប្រទេស​ទាំងអស់នេះ​ត្រូវ​ប្រឈម​នឹង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច​ទូទាំង​សាកលលោក​ទៀត​។ ដំណឹង​ល្អ​គឺ​នៅត្រង់ថា តំបន់​នេះ​នៅមាន​ចំណុចខ្លាំង​ច្រើន​ដែល​ខ្លួន​អាច​ទាញ​យកមកប្រើ​បាន ប៉ុន្តែ​ប្រទេស​ទាំងអស់​ត្រូវតែ​ចាត់វិធានការ​ឱ្យបានរ​ហ័សរ​ហួន និង​ក្នុង​ទ្រង់ទ្រាយ​មួយ​ធំធេង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​”​។​

​របាយការណ៍​បាន​លើក​អនុសាសន៍​វិធានការ​មួយចំនួន មានដូចជា ការវិនិយោគ​ជាបន្ទាន់​ទៅលើ​សមត្ថភាព​របស់​ប្រព័ន្ធ​សុខាភិបាល និង​ទៅលើ​ការត្រៀម​លក្ខណៈ​យូរអង្វែង​។​

របាយការណ៍​ក៏​ស្នើ​ផងដែរ​ឱ្យ​ប្រទេស​ទាំងអស់​ប្រកាន់យក​ទស្សនៈ​ចម្រុះ​គ្រប់​ជ្រុងជ្រោយ​ចំពោះ​វិធានការ​រាំងខ្ទប់​វីរុស និង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​។ វិធានការ​ថវិកា​គោលដៅ​អាទិភាព – មានដូចជា​ប្រាក់ឧបត្ថម្ភ​សម្រាប់​ពេល​មាន​ជំងឺ និង​សម្រាប់​ថែ​ទាំង​សុខភាព – អាចជួយ​ដល់​ការ​រាំងខ្ទប់​ការ​រាលដាល​វីរុស និង​ជួយ​ធានា​ធ្វើយ៉ាងណា​មិនឱ្យ​ស្ថានភាព​ខ្វះខាត​បណ្តោះអាសន្ន​នេះ ក្លាយទៅជា​ការបាត់បង់​មូលធន​មនុស្ស​យូរអង្វែង​ឡើយ​។​

​លោក អា​ឌី​ត្យា ម៉ា​ទូ សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក​សម្រាប់​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក មានប្រសាសន៍ថា​៖ “​បន្ថែម​លើ​វិធានការ​អង់អាច​នានា កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កាន់តែ​ជ្រាលជ្រៅ​ថែមទៀត គឺជា​ថ្នាំ​វ៉ាក់សាំង​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ប្រឆាំង​ទៅនឹង​ការគំរាមកំហែង​របស់​វីរុស​នេះ​។ បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក និង​នៅតាម​តំបន់​ផ្សេងទៀត ត្រូវតែ​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​, រក្សា​ពាណិជ្ជកម្ម​ឱ្យនៅ​ដំណើរការ​ដដែល និង​ចេះ​សម្របសម្រួល​គ្នា​ផ្នែក​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​”​។

​របាយការណ៍​នេះ​អំពាវនាវ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ភាពជា​ដៃគូ​ឆ្លងដែន​រវាង​ផ្នែក​សាធារណៈ​និង​ឯកជន ដើម្បី​បង្កើន​សម្ទុះ​ផលិតកម្ម និង​ការផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​ពេទ្យ​និង​សេវា​សំខាន់ៗ នៅក្នុង​សភាព​ដែល​មានការ​រាតត្បាត​មេរោគ​នេះ និង​ដើម្បី​ធានាឱ្យមាន​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅពេល​ក្រោយមកទៀត​។ អ្វីដែល​សំខាន់​នោះ​គឺ គោលនយោបាយ​ពាណិជ្ជកម្ម​គួរតែ​នៅ​បើកចំហ ដើម្បី​បង្ក​លទ្ធភាព​ឱ្យមាន​រំហូរ​ចេញចូល​របស់​ការផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​ពេទ្យ និង​ការផ្គត់ផ្គង់​ទំនិញ​ដទៃទៀត រវាង​ប្រទេស​ផង​គ្នា ក៏ដូចជា​ជួយ​សម្រួល​ឱ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់​ឆាប់​ងើបឡើង​បាន​ផង​។​

​អនុសាសន៍​គោលនយោបាយ​មួយទៀត​ដែល​របាយការណ៍​បានស្នើ​ឡើង គឺ​ស្នើឱ្យ​មានការ​បន្ធូរបន្ថយ​ផ្នែក​ខ្ចីបុល ដើម្បី​ជួយ​ក្រុមគ្រួសារ​ក្នុងការ​កែសម្រួល​ទម្លាប់​ទទួលទាន​ប្រើប្រាស់​របស់គេ និង​ជួយ​ក្រុមហ៊ុន​ឱ្យនៅ​រស់រាន​ឆ្លងកាត់​វិបត្តិ​នេះ​បាន​ផងដែរ​។

​យ៉ាងណាក្តី ដោយសារតែ​វិបត្តិ​នេះ​មាន​សក្តានុពល​អូសបន្លាយ​យូរ របាយការណ៍​នេះ​បានធ្វើការ​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​ត្រូវមាន​ឱ្យ​រឹតបន្តឹង​វិធានការ​នានា​រួមគ្នា​ជាមួយនឹង​ការតាមដាន​មើល​ពីលើ​ការអនុវត្ត​បទ​ប្បញ្ញត្តិ ពិសេស​ដោយសារ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​នេះ កំពុងមាន​បន្ទុក​បំណុល​របស់​ក្រុមហ៊ុន​និង​តាម​គ្រួសារ ក្នុង​កម្រិត​ខ្ពស់​ស្រាប់​។
​សម្រាប់​ប្រទេស​ដែល​នៅ​ក្រ​ជាងគេ វិធានការ​សម្រាល​បំណុល​គឺ​សំខាន់​ណាស់ ដើម្បី​អាច​បង្វែរ​ធនធាន​ចាំបាច់​ទៅ​ផ្តោតលើ​ការគ្រប់គ្រង​ផល​ប៉ះទង្គិច​របស់​ការ​រាតត្បាត​នៃ​វីរុស​នេះ​ទៅលើ​ផ្នែក​សេដ្ឋកិច្ច និង​សុខាភិបាល​។​

​របាយការណ៍​នេះ​ក៏​រំលេច​ឱ្យឃើញ​ផងដែរ​នូវ​ហានិភ័យ​កាន់តែ​ខ្ពស់​ថែមទៀត ជុំវិញ​លទ្ធភាព​នៃ​ការធ្លាក់ចុះ​ទៅក្នុង​ភាពក្រីក្រ​របស់​បណ្តា​គ្រួសារ ដែល​ធ្លាប់តែ​ពឹង​អាស្រ័យ​មុខរបរ​ទៅលើ​វិស័យ​ទាំងឡាយ​ដែល​ងាយ​រងគ្រោះ​ពី​ផល​ប៉ះទង្គិច​របស់​កូ​វីដ​-១៩ ដូចជា​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​ថៃ និង​នៅតាម​កោះ​ប៉ា​ស៊ី​ហ្វ៊ិ​ក​, វិស័យ​កម្មន្តសាល​នៅ​ប្រទេស​កម្ពុជា និង​វៀតណាម​, និង​ក្នុងចំណោម​គ្រួសារ​ដែល​ធ្លាប់តែ​ពឹង​អាស្រ័យ​លើ​កម្លាំង​ពលកម្ម​ក្រៅ​ប្រព័ន្ធ​ផ្លូវការ​នៅតាម​ប្រទេស​ទាំងអស់​។ នៅ​ប្រទេស​មួយចំនួន ផល​ប៉ះទង្គិច​របស់​កូ​វី​ឌ​-១៩ នេះ បាន​បន្ថែម​បញ្ហា​ពីលើ​កត្តា​ជាក់លាក់​ដែល​កើតមាន​តាម​ប្រទេស​ស្រាប់ មានដូចជា បញ្ហា​ភាពរាំងស្ងួត​(​នៅ​ប្រទេស​ថៃ​) ឬ បញ្ហា​វិបត្តិ​ខ្វះ​ទំនិញ​កសិផល (​ប្រទេស​ម៉ុង​ហ្គោ​លី​) ជាដើម​។ នៅ​បណ្តា​ប្រទេស​កោះ​ប៉ា​ស៊ី​ហ្វ៊ិ​ក​ខ្លះ ចក្ខុវិស័យ​សម្រាប់​ឆ្នាំ​២០២០ ស្ថិតនៅក្រោម​ហានិភ័យ​ខ្លាំង ដោយសារតែ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងនោះ​ពឹងផ្អែក​ខ្លាំង​លើ​ជំនួយឥតសំណង​, វិស័យ​ទេសចរណ៍ និង​ការ​នាំចូល​។

​ដោយសារតែ​ការ​រាតត្បាត​របស់​វីរុស​កូ​វីដ​-១៩ ស្ថានភាព​សេដ្ឋកិច្ច​រវាង​ប្រទេស​នានា​មា​នស​ភាពមិនប្រាកដប្រជា​ទេ ហើយ​វា​ប្រែប្រួល​រហូត​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ការវិភាគ​នៅក្នុង​របាយការណ៍​នេះ​គឺ​ឈរលើ​មូលដ្ឋាន​ទិន្នន័យ​ដែលមាន​នៅតាម​ប្រទេស គិត​ត្រឹម​ថ្ងៃទី​២៧ ខែមីនា​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​សភាពការណ៍​នេះ ធនាគារពិភពលោក​កំពុងតែ​អនុវត្ត​កម្មវិធី​កញ្ចប់​ហិរញ្ញវត្ថុ​ចំនួន ១៤​ប៊ី​លាន​ដុល្លារ​អាមេរិក ដោយ​បញ្ចេញ​វា​ឱ្យបាន​ឆាប់រហ័ស​សម្រាប់​ពង្រឹង​ការឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​របស់​កូ​វីដ​-១៩ នៅតាម​ប្រទេស​នានា និង​ជួយ​ធ្វើយ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​ឆាប់​ងើបឡើង​វិញ​។ វិធានការ​ឆ្លើយតប​ភ្លាមៗ​រួមមាន ជំនួយ​ហិរញ្ញវត្ថុ​, ការផ្តល់​ប្រឹក្សា​គោលនយោបាយ និង​ជំនួយ​បច្ចេកទេស ដល់​បណ្តា​ប្រទេស​ឱ្យមាន​លទ្ធភាព​លៃលក​ជាមួយ​ផល​ប៉ះទង្គិច​របស់​ការ​រា​ត្បា​ត​នេះ ទៅលើ​សេដ្ឋកិច្ច និង​សុខាភិបាល​។ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) កំពុងផ្តល់​ហិរញ្ញប្បទាន​ចំនួន ៨​ប៊ី​លាន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​ដល់​បណ្តា​ក្រុមហ៊ុន​ដែល​រង​ការប៉ះទង្គិច​ពី​វីរុស​នេះ និង​ដើម្បី​ឱ្យគេ​អាច​រក្សា​ការងារ​បាន​ផង​។ ធនាគារ​អន្តរជាតិ​សម្រាប់​ការកសាង​ឡើងវិញ​និង​ការអភិវឌ្ឍ (IBRD) និង សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) កំពុងតែ​ដាក់ចេញ​កញ្ចប់​ថវិកា ៦​ប៊ី​លាន​ដុល្លារ​អាមេរិក​សម្រាប់​វិធានការ​ឆ្លើយតប​ផ្នែក​សុខាភិបាល​។ ដោយសារ​តម្រូវការ​ជំនួយ​នៅតាម​ប្រទេស​មាន​វិសាលភាព​ទូលំទូលាយ ក្រុម​ធនាគារពិភពលោក​ត្រៀមខ្លួន​នឹងដាក់​ចេញ​កញ្ចប់​ហិរញ្ញវត្ថុ​រហូតដល់​ទៅ ១៦០​ប៊ី​លាន​ដុល្លារ សម្រាប់​រយៈពេល ១៥​ខែ ដើម្បី​ការពារ​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ​, ជួយ​ជ្រោមជ្រែង​ដល់​ធុរកិច្ច និង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ងើបមុខ​ឡើងវិញ នាពេលខាងមុខ​៕​ដោយ​៖​កូ​ឡាប​

spot_img
×