បន្ទាយមានជ័យ: ក្មេងស្ទាវចំនួនពីរក្រុម ជិះម៉ូតូធ្វើសកម្មភាពដេញវាយគ្នា ដោយប្រើកាំបិត ដែលបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន ត្រូវកម្លាំងអាវុធហត្ថស្ទាក់ចាប់ខ្លួនបាន ហើយនៅរសៀលថ្ងៃទី៣១ខែមីនានេះ ជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត។
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងស្ទាវចំនួនពីរក្រុមធ្វើសកម្មភាព ដេញវាយគ្នាដោយប្រើកាំបិត ដែលបង្កភាពអសន្តិសុខនៅចំណុចម្ដុំស្រះ១០០ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ដកហូតដាវស៊ាំម៉ូរ៉ៃបានចំនួន៣ដើម ម៉ូតូចំនួន១គ្រឿងម៉ាកZOOMER-X ពណ៌ស្លាទុំលាយខ្មៅ សេរីឆ្នាំ២០១៥ ព្រមទាំងឆែកឆេររកឃើញគ្រឿងញៀន មេតំហ្វេតាមីន ទឹកកកចំនួន២កូនថង់តូច ស្មើ ១,២២ក្រាម នៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ហើយបានយកមកបញ្ជាការមូលដ្ឋាន អាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ ១/ឈ្មោះ ភ័ក្ត្រ ផុត ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/ឈ្មោះ ចេង ដាវីដ ភេទប្រុស អាយុ១៩ឆ្នាំ ៣/ឈ្មោះ ប៊ុត ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ ៤/ឈ្មោះ ស៊ុន លាប ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំង៣នាក់ បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង៤នាក់ ក្រោយពីសមត្ថកិច្ចជំនាញ អាវុធហត្ថក្រុង សាកសួរចម្លើយ ពួកគេបានឆ្លើយសារភាពថា ពួកគេពិតជាបានយកដាវស៊ាំម៉ូរ៉ៃ ដេញកាប់ភាគី១ក្រុមទៀត ពិតប្រាកដមែន ដោយសារមានគំនុំនឹងគ្នាកន្លងមក ចំណែកគ្រឿងញៀន២កញ្ចប់ ពួកគេទុកប្រើប្រាស់ផងដែរ។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ទើបកម្លាំង អាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
ជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីហើយ នៅរសៀលថ្ងៃទី៣១ខែមីនានេះ៕ដោយ៖បញ្ញាស័ក្តិ