Monday, November 28, 2022

ក្មេងប្រុស​អង់គ្លេស​ម្នាក់​អាយុ ១៣​ឆ្នាំ ស្លាប់​ក្រោយពេល​រកឃើញ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​

spot_img

​ក្មេងប្រុស​អង់គ្លេស​ម្នាក់​អាយុ ១៣​ឆ្នាំ បាន​ស្លាប់ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ធ្វើតេស្ត​រកឃើញ​ថា​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​សុខាភិបាល និង​គ្រួសារ​របស់​ជនរងគ្រោះ​នៅ​កាលពី​ថ្ងៃ​អង្គារ​។​

​សាច់ញាតិ​ក្មេងប្រុស​នោះ​និយាយថា កុមារ​នោះ​មិនមាន​ជំងឺ​អ្វី​ជា​មូលដ្ឋាន​សោះ​។​

​គ្រួសារ​ក្មេងប្រុស​ឈ្មោះ Ismail Mohamed Abdulwahab បាន​និយាយថា រូបគេ​ចាប់ផ្តើម​មាន​រោគសញ្ញា និង​មាន​បញ្ហា​ពិបាក​ដកដង្ហើម មុនពេល​គេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​កុមារ​នេះ ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​នៅ​មន្ទីរពេទ្យ King’s College Hospital ក្នុង​ទីក្រុង​ឡុង ត្រូវបាន​គេ​ជឿជាក់ថា ជា​មនុស្ស​វ័យក្មេង​បំផុត​នៅ​អង់គ្លេស​ដែល​បាន​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​។​

​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ក្មេង​ស្ត្រី​វ័យ ១២​ឆ្នាំ​ម្នាក់ ដែល​បាន​ស្លាប់​នៅ​ប្រទេស​បែ​ល​ហ្សិ​ក ជា​ជនរងគ្រោះ​វ័យក្មេង​បំផុត​នៅ​តំបន់​អ៊ឺរ៉ុប​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃ​អង្គារ អង់គ្លេស​មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 ចំនួន ៣៨១​នាក់ ក្នុង​រយៈពេល​ត្រឹម ២៤​ម៉ោង​ចុងក្រោយ ដែល​វា​គឺជា​តួលេខ​ស្លាប់​ច្រើន​បំផុត ចាប់តាំងពី​មានការ​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ក្នុងប្រទេស​នេះ​មក​។​

​បច្ចុប្បន្ន អ្នកស្លាប់​សរុប​នៅ​អង់គ្លេស​មាន​ចំនួន ១.៧៨៩​នាក់ ខណៈ​អ្នក​ឆ្លង​មាន​ជាង ២៥.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CSSC/Channelnewsasia​