ប្រទេសអេស្ប៉ាញបានប្រកាសថា មានអ្នកស្លាប់បន្ថែមចំនួន ៨៤៩នាក់នៅថ្ងៃអង្គារ ប៉ុន្តែមន្ត្រីសុខាភិបាលប្រទេសនេះ បាននិយាយថា ទំនោរនៃការឆ្លងថ្មីបន្តធ្លាក់ចុះ។
បន្ទាប់ពីអ៊ីតាលី ប្រទេសអេស្ប៉ាញ គឺជាប្រទេសដែលមានអ្នកស្លាប់ច្រើនបំផុតក្នុងលោក ដោយវីរុសមរណៈនោះបានឆក់យកជីវិតមនុស្ស ៨.១៨៩នាក់។
នៅពេលជាមួយគ្នានេះដែរ ចំនួនករណីឆ្លងបានហក់ឡើងដល់ ៩៤.៤១៧នាក់ ក្រោយពេលមានអ្នកឆ្លងថ្មីបន្ថែមចំនួន ៩.២២២នាក់ មានការកើនឡើងប្រហែល ១១ភាគរយ។
ប្រទេសដែលមានប្រជាជនជិត ៤៧លាននាក់នេះ ក៏បានព្យាបាលអ្នកជំងឺច្រើនជាង ២.០០០នាក់ឲ្យជាសះស្បើយផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ហើយតួលេខនៃអ្នកជាសះស្បើយសរុបបានកើនដល់ ១៩.២៥៩នាក់។
សូមបញ្ជាក់ថា អេស្ប៉ាញកំពុងឈរនៅតំណែងលេខ ៣ ជាប្រទេសដែលមានអ្នកឆ្លងច្រើនបំផុត តាមពីក្រោយអ៊ីតាលី និងអាមេរិច និងជាប្រទេសទី ២ ដែលមានអ្នកស្លាប់ច្រើនបំផុត បន្ទាប់ពីអ៊ីតាលី៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia