ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ស្តេចយាងតាមព្រះរាជទីនាំងយន្តហោះពិសេស ចាកចេញទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្តេចគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះក៏មានការយាង និងអញ្ជើញថ្វាយព្រះរាជដំណើរដោយ ព្រះរាជវង្សានុវង្ស ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលជាច្រើនរូបដូចជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ សម្តេចវិបុសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងព្រះញាតិវង្សានុវង្ស មន្ត្រីព្រះបរមរាជវាំង និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកស្ថាប័នជាតិសំខាន់ៗ ជាច្រើនរូបទៀត។
សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ។
ក្នុងព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងក្នុងព្រះបរមនាម សម្ដេចព្រះមហាក្សត្រី បានមានព្រះរាជបន្ទូលសូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន កូនក្មួយ ជនរួមជាតិទាំងអស់ យាងពិនិត្យ និងព្យាបាលព្រះរាជ សុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន ហើយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងទទួលជួយព្រះអង្គ ក្នុងឋានៈជាព្រះប្របមុខរដ្ឋស្ដីទី៕ដោយ៖កូឡាប