ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១ខែមេសា ឆ្នាំ២០២០ បានចេញរបាយការណ៍ ពីសកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ឃាត់ចាប់រថយន្ត៣គ្រឿង ដឹកឈើប្រណីត ចំនួន៣ករណីផ្សេងគ្នា មានឈើជាច្រើនម៉ែត្រគូប យកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដើម្បីចាត់វិធានការបន្ត ។ ប៉ុន្តែទោះយ៉ាងណា ក្នុងរបាយការណ៍នោះ មិនបានបញ្ជាក់ពីការចាប់ខ្លួនម្ចាស់ឈើ ឬតៃកុងបើករថយន្តដឹកឈើខុសច្បាប់នោះទេ។
របាយការណ៍បញ្ជាក់អំពីសកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ថ្ងៃអង្គារទី៣១ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការងារខណ្ឌរដ្ឋបាលព្រៃឈើ គឺផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម និងសមត្ថកិច្ចរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាល ចុះប្រតិបត្តិការនៅភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ឃាត់ចាប់រថយន្តចំណុះ ៥តោន ចំនួន ១គ្រឿង ម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-5713 ដឹកឈើអារលេខ២ (ឈើទាល) ចំនួន ១២កំណាត់ ស្មើនឹង១,១៤៨ម៉ែត្រគូប និងឈើអារលេខ៣ (ធ្លក,ត្រប់ទុំ) ចំនួន ២៥៧សន្លឹក ស្មើនឹង៤,៦៣៧ ម៉ែត្រគូបហើយវត្ថុតាងរក្សាទុកនៅ ទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។
ផ្នែករដ្ឋបាលព្រៃឈើស្ទោង សង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តទទួលយក ឈើអារលេខ១ (សុក្រម)ចំនួន ១៦ ដុំ -សន្លឹក ស្មើនឹង០ម៉ែត្រត្រីគុណ ៦១៦ និងរថយន្តម៉ាកឡិចស៊ីស RX-300 ពាក់ផ្លាកលេខ ភ្នំពេញ 2F-2441 ចំនួន ១គ្រឿង ពីទីបញ្ជាការដ្ឋានកងរាជអាជវុធហត្ថខេត្ត ដែលបានឃាត់ចាប់នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ប្រព្រឹត្តិដោយ ឈ្មោះ សួន ស៊ីនឹម ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ រត់តាក់ស៊ី រស់នៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ហើយវត្ថុតាងរក្សាទុកនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្ទោង។
សង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល និងកងរាជអាវុធហត្ថស្រុកប្រាសាទបល្ល័ង្ក ឃាត់ចាប់រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AA-1421ចំនួន ១គ្រឿង ដឹកជញ្ជូនឈើអារលេខ៣ (ផ្អុង) ចំនួន ១១៧សន្លឹក ស្មើនឹង0,២៣៤ ម៉ែត្រគូប និងឈើអារក្រៅលំដាប់ ថ្នាក់ (ស្ទៀង) ចំនួន ២២សន្លឹកស្មើនឹង០,៣៥៧ ម៉ែត្រគូប ប្រព្រឹត្តិដោយឈ្មោះ ហ៊ិន រេន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ហើយវត្ថុតាងរក្សាទុក នៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ៕ដោយ៖កូឡាប