ភ្នំពេញ៖ ដើម្បីរំដោះការជន់លិចនៅរដូវវស្សា ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នៅប៉ែកខាងជើងព្រលានយន្តហោះ ចំណុចដងនង្គ័ល នាព្រឹកថ្ងៃពុធទី១ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការងារជំហានទី១ នៃការស្ថាបនាការងារស្ដារប្រឡាយ និងការងារដាក់លូមូលភ្លោះ លើប្រឡាយត្រពាំងជ្រៃ។
អភិបាលរាជធានីភ្នំពេញ ក៏បានពិនិត្យលើការងារដាក់លូជ្រុងភ្លោះ លើប្រឡាយចំការឪឡឹក។ ការងារដាក់លូជ្រុងភ្លោះ ចាប់ពីចុងប្រឡាយចំការឪឡឹក ដល់កែងផ្លូវលេខ105K។ ការងារដាក់លូជ្រុងភ្លោះ ឆ្លងកាត់ផ្លូវរថភ្លើង។ ការងារដាក់លូមូលភ្លោះ ឆ្លងកាត់បុរីឃិតឈឿន។ ការងារចាក់បេតុងឆ្អឹងដែក ពីលើគន្លងដាក់លូមូល លូជ្រុងភ្លោះ និងការជួសជុលផ្លូវរថភ្លើងឡើងវិញ ដែលមានផ្ទៃក្រឡាសរុប 7.474 ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់កាកាបទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជំហានទី២ ការងារការស្ដារប្រព័ន្ធបង្ហូរទឹកផ្នែកខាងជើងមហាវិថីសហព័ន្ធរុស្ស៊ី ដោយចាប់ពីប្រឡាយត្រពាំងជ្រៃ ប្រឡាយចំការឪឡឹក ប្រឡាយតាបែន ប្រឡាយទួលសំពៅ និងប្រឡាយអូរអាគុជ សរុបផ្ទៃក្រឡា13.650ម៉ែត្រការ៉េ និងការងារសាងសង់ស្ពានបេតុងមួយ ឆ្លងកាត់ប្រឡាយទួលសំពៅ ( ស្ពានឱកាសខ្ញុំ ) ស្ថិតក្នុងសង្កាត់កាកាបទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់គោកឃ្លាង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ដោយ៖កូឡាប