ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅច្រកអន្តរជាតិពោធិ៍ចិនតុង (VIP)
យន្តហោះពិសេសដែលដឹកសម្ភារ និងឧបករណ៍ពេទ្យប្រឆាំងវីរុស COVID- 19 ជាង២តោន ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា បានដឹកមកប្រទេសកម្ពុជាហើយ ។ នេះបើតាមការប្រកាសព័ត៌មានរបស់ស្ថានទូតចិន ប្រចាំកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យជំនាញចិន៧នាក់ បានចាកចេញពីប្រទេសចិន តាមជើងយន្តហោះពិសេស មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការព្យាបាលជំងឺកូវីដ១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជា។
ក្រុមគ្រូពេទ្យចិនដែលមកកម្ពុជានេះ មិនមែនមកតែមនុស្សនោះទេ ពួកគេព្រមទាំងបាននាំមកនូវសម្ភារបរិក្ខារពេទ្យមកជាមួយផងដែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺនៅគ្រប់សម្ភារបរិក្ខារពេទ្យចិនទាំងអស់ បានបំពាក់ដោយទង់ជាតិកម្ពុជា-ចិន ជាមួយនឹងពាក្យស្លោកថា ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក។
ដោយឡែកនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០កន្លងទៅ គ្រូពេទ្យឯកទេសយោធាចិនចំនួន៤នាក់ បានមកដល់កម្ពុជា ដើម្បីជួយបង្រៀនដល់ក្រុមពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទ នៅតាមបណ្តាកងឯកភាព របស់កងយោធពលខេមរភូមិន្ទថែមទៀត៕ដោយ៖បញ្ញាស័ក្តិ