ភ្នំពេញ៖ ឯកឧត្តមឡេង ប៉េង ឡុង អគ្គលេខាធិការរដ្ឋសភាព បានថ្លែងថា រដ្ឋសភានឹងកោះប្រជុំបន្ទាន់ នៅពេលដែលរាជរដ្ឋាភិបាល បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន មកដល់រដ្ឋសភា។
ឯកឧត្តមឡេង ប៉េង ឡុង បានថ្លែងថា រដ្ឋសភាជាស្ថាប័ននីតិបញ្ញត្តិត្រូវធ្វើការតាមនីតិវិធី បទបញ្ជាផ្ទៃក្នុងសភា និងគោរពមាត្រាទាំងឡាយនៃរដ្ឋធម្មនុញ្ញ។ ការប្រកាសឲ្យប្រើច្បាប់នេះជាការប្រញាប់ អាចធ្វើឡើងបាន ក្នុងករណីដែលមានការឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភាស្តីទី ខណៈដែលព្រះមហាក្សត្រមិនគង់នៅក្នុងប្រទេស។ ការចុះហត្ថលេខាប្រកាសឲ្យប្រើច្បាប់នេះ ជាការប្រញាប់ស្ថិតនៅក្នុងភារកិច្ចនិងកាតព្វកិច្ចរបស់សម្តេចសាយ ឈុំ ប្រមុខរដ្ឋស្តីទីដែលទទួលបានប្រទានសិទ្ធិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដូចព្ររាជសារព្រះអង្គ ដែលផ្ញើជូនជនរួមជាតិ នាថ្ងៃទអី៣១ខែមីនា។
សូមបញ្ជាក់ថា អគ្គលេខាដ្ឋានរដ្ឋសភា បានចេញសេចក្តីជូនដំណឹងមួយថា សម័យប្រជុំលើកទី៣ នីតិកាលទី៦ បានបិទនៅថ្ងៃទី៤ខែមករា ឆ្នាំ២០២០ ហើយរហូតមកដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ មានរយៈពេលបីខែ។ កាលពីថ្ងៃទី២៧ខែមីនាឆ្នាំ២០២០ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅថ្ងៃទី២ខែមេសាឆ្នាំ២០២០។
ដើម្បីរដ្ឋសភា កម្ពុជា ចូលរួមអនុវត្តនូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជាំ ការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចមិនអញ្ជើញតំណាងរាស្ត្រ និងភ្ញៀវកិត្តិយសជាង និងអន្តរជាតិ ចូលរួមក្នុងពិធីបើកសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ ខាងលើទេ។
សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រី បានចេញសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅរសៀលថ្ងៃទី 31 ខែមីនាឆ្នាំ 2020 បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ហើយសេចក្តី ព្រាងច្បាប់នេះបញ្ជូនទៅស្ថាប័ននីតិបញ្ញត្តិដើម្បីអនុម័តតែម្ដង។
សម្តេចតេជោបានបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានសអាសន្ន ត្រូវបានរៀបចំដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី ។
គណៈរដ្ឋមន្ត្រីបានប្រកាសថា សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតីនៃមាត្រា 22 ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលបានចែងថា “នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រីប្រធានរដ្ឋសភានិងប្រធានព្រឹទ្ធសភា”។
សេចក្តីព្រាងច្បាប់នេះនឹងផ្ដល់ជាមូលដ្ឋានគតិយុត្តដើម្បីធានាដល់ការអនុវត្តមាត្រា 22 ថ្មីនៃរដ្ឋធម្មនុញ្ញនិងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបានដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសជាតិក្នុងភាពអាសន្នសំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈការពារអាយុជីវិតនិងសុខភាពរបស់ប្រជាពលរដ្ឋព្រមទាំងការពារទ្រព្យសម្បត្តិនិងបរិស្ថាន។
សេចក្តីព្រាងច្បាប់នេះនឹងកំណត់នូវបែបបទនីតិវិធីនិងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នព្រមទាំងមានការចាំបាច់នានាដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញឱ្យប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នអាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាមឬការឈ្លានពានពីកម្លាំងបរទេសគ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្ដាលមកពីការឆ្លងរាលដាលនៃជំងឺភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈ គ្រោះមហន្តរាយធ្ងន់ធ្ងរដែលគំរាមកំហែងឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។
សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិតែម្ដងដោយមិនដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីទេ៕ដោយ៖កូឡាប