បរទេស៖ស្ត្រីម្នាក់ដែលបានជួយសង្គ្រោះសត្វឆ្កែ១ក្បាល បន្ទាប់ពីវាត្រូវបានគេចងភ្ជាប់នឹងថ្ម១ដុំយកទៅបោះចោលក្នុងទន្លេ ហើយទុកឱ្យងាប់ បានបង្ហើបឱ្យដឹងថា នាងគិតថាឆ្កែនោះនឹងងាប់យ៉ាងអាណោចអាធ័ម ប្រសិនបើនាងបិទភ្នែក។
ហេតុការណ៍ដ៏សោកសៅនេះ បានឈានដល់ការចាប់ខ្លួនស្ត្រីអាយុ ៣១ ឆ្នាំ និងបុរសអាយុ ៣២ ឆ្នាំ ពីបទសង្ស័យពីភាពសាហាវឃោរឃៅទៅលើសត្វ បន្ទាប់ពីឆ្កែឈ្មោះ Bella ត្រូវបានគេប្រទះឃើញកំពុងតស៊ូនៅក្នុងទឹកទន្លេ។
នាង Jane Harper ខណៈកំពុងដើរកាលរសៀលថ្ងៃចន្ទ នៅ Farndon, Nottinghamshire នៅពេលនោះ មិត្តភក្តិស្រីរបស់នាងបានប្រាប់នាងថា នាងអាចមើលឃើញក្បាលឆ្កែ១ក្បាលកំពុងអើតឡឹមៗនៅក្នុងទឹក ។
ដោយមិនគិតពីសុវត្ថិភាពផ្ទាល់ខ្លួន Jane បានលោតចូលទៅក្នុងទឹកទន្លេ ហើយព្យាយាមសង្គ្រោះឆ្កែ ប៉ុន្តែ មិនអាចធ្វើទៅរួច ។
Jane និយាយថា៖ «ទឹកនោះគឺស្រអាប់ខ្លាំងណាស់ ខ្ញុំមិនអាចទាញវាចេញបានទេ ។ ខ្ញុំបានឃើញសំណមួយរុំព័ទ្ធជុំវិញជើងរបស់វា និងខ្សែពណ៌ខៀវមួយដែលកំពុងលិចក្នុងទឹក ។ តែទោះយ៉ាងណា ខ្ញុំបានព្យាយាមជួយសង្គ្រោះវា ដោយយកដៃរបស់ខ្ញុំទ្រខ្លួនវាពីក្រោម និងតស៊ូលើកវាឡើងគោក» ។ នាងបន្តថា អ្វីដែលតក់ស្លុតរន្ធត់បំផុតនោះ គឺនៅក្បាលរបស់វា ត្រូវបានចងភ្ជាប់នឹងកាបូបមួយដែលមានផ្ទុកដុំថ្មដ៏ធំមួយ ។
ប៉ុន្តែ ទោះយ៉ាងណា ឥឡូវនេះ វាមានសុខភាពល្អប្រសើរឡើងវិញហើយ ។
Jane ក៏បាននិយាយទាំងរំជួលចិត្តថា៖ «ហេតុអ្វីបានជាគេដាច់ចិត្តធ្វើបាបសត្វដោយរបៀបនេះ? ខ្ញុំមិនយល់ទេ!! ។ ខ្ញុំក៏មិនបានដឹងថា វានៅក្នុងទឹកតាំងពីពេលណាមកដែរ ហើយខ្ញុំក៏គិតថា វានឹងមិនអាចនៅរស់យូរបានប៉ុន្មានទៀតទេ ក្នុងស្ថានភាពបែបនេះទៅហើយ ។ វាពិតជាអំពើដ៏ឃោរឃៅមួយ» ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ dailymail)