ទីស្ដីការ ៖ ពាក់ព័ន្ធបញ្ហាប្រឈមរបស់វិស័យអប់រំ នៅក្នុងដំណាក់កាលនៃជំងឺ Covid-19 ក្រសួងព័ត៌មាន និងក្រសួងអប់រំ បានសហការអនុវត្តការរៀបចំ និងផ្សព្វផ្សាយកម្មវិធីរៀនពីចម្ងាយ E-Learning ឱ្យមានលក្ខណៈសម្បូរបែបគ្រប់ជ្រុងជ្រោយ និងប្រកបដោយសុពលភាព និងប្រសិទ្ធភាព។
បើតាមការប្រកាសរបស់ក្រសួងអប់រំយុវជននិងកីឡា បានឲ្យដឹងថា នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យឯកឧត្ដម កឹម គុណវឌ្ឍ និងឯកឧត្ដម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន ជួបសម្ដែងការគួរសម និងរាយការណ៍ ស្នើសុំកិច្ចសហការជាមួយក្រសួងអប់រំ ក្នុងការផ្សព្វផ្សាយកម្មវិធីសិក្សាពីចម្ងាយប្រព័ន្ធទូរទស្សន៍ ផ្កាយរណប “តេជោធីវី” ប៉ុស្តិ៍ “ទទក២” ដែលជាកម្មវិធីដោយឡែកនៃការងារអប់រំ និងតាម App របស់ក្រសួងព័ត៌មាន ក្នុងគោលបំណងសម្រួលដល់សិស្សានុសិស្សទូទាំងប្រទេស ទទួលបានសេវារៀនសូត្រពីចម្ងាយ ដែលក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងអនុវត្តនៅក្នុងដំណាក់កាលដែលក្រសួងបានដាក់ឱ្យគ្រឹះស្ថានសិក្សាទូទាំងប្រទេសអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។
ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីបានសម្ដែងនូវការថ្លែងអំណរគុណចំពោះក្រសួងព័ត៌មានដែលបានយកចិត្តទុកដាក់ដល់បញ្ហាប្រឈមរបស់វិស័យអប់រំ នៅក្នុងដំណាក់កាលនៃជំងឺ Covid-19 និងស្នើសុំឱ្យមានការរៀបចំជាអនុស្សរណៈយោគយល់រវាងក្រសួងទាំងពីរដើម្បីសហការអនុវត្តការរៀបចំ និងផ្សព្វផ្សាយកម្មវិធីរៀនពីចម្ងាយនេះឱ្យមានលក្ខណៈសម្បូរបែបគ្រប់ជ្រុងជ្រោយ និងប្រកបដោយសុពលភាព និងប្រសិទ្ធភាព៕ដោយ៖កូឡាប