Tuesday, October 4, 2022

ជនជាតិ​ចិន​នាំចូល​មេ​តា​ណុល មក​បន្លំ​ធ្វើ​អាល់កុល ត្រូវ​សមត្ថកិច្ច​បង្ក្រាប ចំនួន ​២ ​ទីតាំង ជាង​ ២៥០​ ធុង និង ​៣០០ ​ប៊ីដុង​

spot_img

​ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ រកឃើញ​ទីតាំង​ស្តុក​មេ​តា​ណុល ដើម្បី​ផលិត​អាល់កុល​ក្លែងក្លាយ​ចំនួន​២​ទីតាំង នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០ ដែល​ទី​តាំងទី​១ ស្ថិតនៅ​ផ្ទះ​លេខ​០២ ផ្លូវ​លេខ​០១A​បុរី​ពិភពថ្មី​៣ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ និង​ទី​តាំងទី​២ ស្ថិតនៅ​ផ្ទះ​លេខ​១៨៨​ផ្លូវ​លេខ​១៣A ក្នុង​បុរី​ពិភពថ្មី​៣ ភូមិ​ត្រពាំង​សុ​ក្រុម ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល ខេត្តកណ្ដាល សរុប​ជាង​២៥០​ធុង និង​៣០០​ប៊ីដុង​។​

​អ្នក​នាំចូល​សារធាតុ​មេ​តា​ណុល ដោយ​ខុសច្បាប់​នោះ គឺជា​ជនជាតិ​ចិន ហើយ​បានគេច​ខ្លួន មុន​ពេលដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះទៅ​ដល់ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ទីតាំង​ទី​១ អាជ្ញាធរ​រាជធានី​ភ្នំពេញ មានការ​ដឹកនាំ​ដោយ​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល លោក ផាន់ លី​វ៉ា ក្រឡាបញ្ជី លោក ង៉ែត ចេក អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម ដកហូត​បាន​មេ​តា​ណុល​មិនទាន់​ប្រើប្រាស់​ចំនួន​១០២​ធុង និង​មេ​តា​ណុល​ប្រើប្រាស់​រួចរាល់ ចំនួន​៨១​ធុង ដែល​ក្នុង​១​ធុង​មាន​ចំណុះ​២០០​លីត្រ និង​អាល់កុល​ចំនួន​ប្រហែល​១០០​ប៊ីដុង ដែល​ក្នុង​១​ប៊ីដុង​ចំណុះ​៦០​លីត្រ​។​

​ចំណែក​ខាង​ទីតាំង​ទី​២ នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល មានការ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក លី សុជាតិ ស្នងការរង​ទទួល​ផែនការ​ងារ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្ដាល ក្រោម​ការសម្របសម្រួល ដោយ​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល លោក ង៉ែត ចេក អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម និង​លោក​វរសេនីយ៍ឯក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល លោក​វរសេនីយ៍ត្រី​ស៊ូ វ៉ាន​ធឿន បញ្ជាការ​អាវុធហត្ថ​ស្រុក​អង្គស្នួល លោក​ស្រុង លីម​ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ ពេទ្យ ស្រុក​អង្គស្នួល រកឃើញ​មេ​តា​ណុល ចំនួន​៦៩​ធុង ដែល​ក្នុង​១​ធុង​ចំណុះ​២០០​លីត្រ និង​ប៊ីដុង​ចំណុះ​៣០​លីត្រ​ចំនួន​២០០​ប៊ីដុង​។​

​សមត្ថកិច្ច បានបញ្ជាក់​បន្ថែមទៀត​ថា មន្ត្រី​ជំនាញ​បានធ្វើការ​ពិសោធន៍​ជា​លទ្ធផល​រកឃើញថា សារធាតុ​មេ​តា​ណុល និង​អាល់កុល​ផលិត​រួច​នេះ អាចធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ទៅដល់​សុខភាព​អ្នកប្រើប្រាស់​យ៉ាងខ្លាំង​។ ក្នុងឱកាស​នោះ លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​រឹបអូស​យ​ក​សម្ភារ និង​សារធាតុ​មេ​តា​ណុល​ទាំងអស់ ប្រគល់ជូន​នាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម ដើម្បី​រក្សាទុក និង​គ្រប់គ្រង​បន្ត​និង​បិទ​ទីតាំង​ទាំង​២​នេះ ព្រមទាំង​បន្តធ្វើ​ការស្រាវជ្រាវ ស្វែងរក​ឃាត់ខ្លួន​ថៅកែ​ជនជាតិ​ចិន ដែល​កំពុង​រត់គេចខ្លួន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​