លោក Renaud Muselier ប្រធានតំបន់ Provence-Alpes-Côte d’Azur បានប្រាប់កាសែតបារាំង RT ថា ពួកអាមេរិកបានកាក់ទិញ ការបញ្ជាទិញរបស់បារាំង ទៅលើម៉ាសដែលផលិតនៅចិន ខណៈយន្តហោះត្រៀមដឹកទៅបារាំងទៅហើយ ។
លោកបានបង្ហើបឲ្យដឹងថា អាមេរិកបានទិញភាគហ៊ុនពីក្រុមហ៊ុនចិន មុនពេលពួកគេចែកចាយទៅប្រទេសបារាំង។ ការបញ្ជាទិញរបស់បារាំង ត្រូវបានទិញដោយពួកអាមេរិកជាសាច់ប្រាក់ ហើយយន្ដហោះដែលត្រូវមកប្រទេសបារាំង បែរជាបង្វែរទិសតម្រង់ទៅអាមេរិកផ្ទាល់តែម្តង ។
លោកបន្តថា នេះជាគំរូមួយ ខណៈប្រទេសជាច្រើន កំពុងមានតម្រូវការម៉ាសកើនឡើង សម្រាប់បំពាក់ឲ្យបុគ្គលិកពេទ្យ និងប្រជាជនពួកគេ ហេតុនេះប្រទេសមួយចំនួនពុំរារែកឡើយ ក្នុងការអនុវត្តវីធីដ៏ស្មោគគ្រោគនេះ ក្នុងការដណ្ដើមកាក់ទិញយកទំនិញពីអ្នកដទៃ ដោយអាងតែខ្លួនមានលុយ ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ចំនួនអ្នកឆ្លង COVID-19 នៅបារាំង មានចំនួន ៥៦.៩៨៩ នាក់ ក្នុងនោះស្លាប់៤.០៣២នាក់ និងជាសះស្បើយ១០.៩៣៥នាក់។ ចំណែកនៅអាមេរិកវិញ អ្នកឆ្លងមានរហូត ដល់២១៥.៣៦២នាក់ ក្នុងនោះស្លាប់៥.១១៣នាក់ និងជាសះស្បើយ៨.៨៧៨នាក់ បើតាមការចេញផ្សាររបស់គេហទំព័រ Worldometers.com ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ RT)